សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ
28-02-2026 15:34
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបាភ្នំ។ ការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានធ្វើនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យទាមទាឲ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ ដែលជាឱកាសមួយសម្រាប់លោកតា លោកយាយ អ៊ុំពូមីង បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានអំពីការថែទាំសុខភាពចាប់ពេលនេះទៅមុខទៀតដោយរបៀបណា។
លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់លើវិស័យចំនួន២ ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺ ទី១៖ វិស័យអប់រំ និងទី២៖ វិស័យសុខាភិបាល។ លោកបានសង្កត់ធ្ងន់ថា គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
បើតាមលោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធី ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកបាភ្នំនេះ រៀបចំដោយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវ ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រង់នោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសផងដែរ៕














