អភិបាលខេត្តពោធិ៍សាត់ រំលឹកពីអនុស្សាវរីយ៍ និងប្រវត្តិសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍កតាអោន និងប្រកាសផ្តួចផ្តើមកសាងអគារសិក្សាថ្មី ចំនួន១ខ្នង មាន៣បន្ទប់
28-02-2026 15:39
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងបន្តចុះពង្រឹងគុណភាពអប់រំ ការរៀបចំសោភ័ណភាពសាលារៀន នៅមូលដ្ឋាននៃសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍កតាអោន និងសាលាបឋមសិក្សាក្រសាំងព្នៅ ស្ថិតក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានវិលត្រឡប់មកកាន់មូលដ្ឋាននេះវិញ ដើម្បីសួរសុខទុក្ខបងប្អូន និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍កតាអោន និងសាលាបឋមសិក្សាក្រសាំងព្នៅ។
លោកបានរំលឹកពីអនុស្សាវរីយ៍ និងប្រវត្តិសាលារៀន ឲ្យដឹងថា កាលពីឆ្នាំ២០១៨ ក្នុងអំឡុងពេលដែលលោកនៅជាអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកវាលវែង លោកបានផ្តួចផ្តើមកសាងសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍កតាអោន នេះឡើង។ ទីនេះគឺជាចំណងដៃ និងជាក្តីស្រឡាញ់ដែលលោកមានចំពោះក្មួយៗ ដើម្បីឲ្យមានកន្លែងរៀនសូត្រសមរម្យ ព្រោះជាតំបន់ដាច់ស្រយាល នៅឆ្ងាយពីទីប្រជុំជន។
លោក ខូយ រីដា បានបន្ថែមថា ឆ្លងតាមការពិនិត្យជាក់ស្តែងនៅថ្ងៃនេះ លោកសង្កេតឃើញថា អគារសិក្សានៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍កតាអោន មានសភាពចាស់ទ្រុឌទ្រោមទៅតាមកាលវេលា ដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ក្មួយៗ។
ជាការពិត «ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃអនាគត», ក្នុងនាមលោកជាអភិបាលខេត្ត លោកមិនទុកឱ្យក្មួយៗរៀនក្នុងស្ថានភាពបែបនេះឡើយ។ លោកប្រកាសជូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូថា លោកនឹងផ្តួចផ្តើមកសាងអគារសិក្សាថ្មី ចំនួន១ខ្នង មាន៣បន្ទប់ ជូនសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍កតាអោន នាពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការបង្រៀន និងរៀនឲ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត សូមដាស់តឿន ចំពោះសិស្សានុសិស្ស សូមខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ និងឪពុកម្តាយ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ខេត្តពោធិ៍សាត់។ ជាមួយគ្នានោះ ចំពោះលោកគ្រូ អ្នកគ្រូ សូមបន្តផ្តល់នូវចំណេះដឹង និងការអប់រំប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ព្រោះលោកគ្រូអ្នកគ្រូនេះហើយ គឺជាអ្នកបណ្តុះគ្រាប់ពូជបញ្ញវន្តសម្រាប់ជាតិ។ លោកក៏សូមផ្តាំផ្ញើ ចំពោះប្រជាពលរដ្ឋ សូមបន្តចូលរួមថែរក្សាសុខសន្តិភាព និងជំរុញកូនចៅមករៀនសូត្រឲ្យបានជាប់លាប់៕



























