សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍សភាពការណ៍ទូទៅ បូកសរុបការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឆ្នាំ២០២៥ និងទិសដៅបន្ដ

28-02-2026 15:44

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។

លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអានសុន្ទរកថា ស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលផែនការសកម្មភាពការងាររបស់ គណៈកម្មាធិការគណបក្សខេត្តឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦។

បន្ទាប់ពីលោក កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលបានពង្រឹងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមសម្រេចបានសមិទ្ធផលការងារគណបក្សក្នុងឆ្នាំ២០២៥កន្លងមកនេះ។ ជាពិសេសក្នុងកាលៈទេសៈ ដែលសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង និងឈានទៅផ្ទុះនូវសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ បានខិតខំបំផុសចលនាសមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តបាត់ដំបង ចូលរួមយ៉ាងសស្រាក់សម្រាំជាមួយចលនាប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។

ក្នុងនោះ រួបរួមសាមគ្គីគ្នាជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ទាំងមធ្យោបាយ សម្ភារៈ និងថវិកា ដល់វីរយុទ្ធជននៅសមរភូមិមុខ ការចូលរួមរៀបចំ និងឧបត្ថម្ភគាំទ្រក្នុងពិធីបុណ្យសពវីរយុទ្ធជនដែលបានពលីជីវិត ចូលរួមជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទាំងនោះ នៅតាមមូលដ្ឋាន ការចុះសួរសុខទុក្ខ និងចូលរួមឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជនដែលបានរងរបួស ដល់ក្រុមគ្រួសារយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិមុខ ដល់ជនភៀសសឹក ដល់ពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ ការចូលរួមក្នុងយុទ្ធនាការសម្ដែងមតិនានា ក្នុងស្មារតីផ្តល់តម្លៃខ្ពស់ ចំពោះសន្តិភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងចូលរួមធ្វើសកម្មភាពនានាជាច្រើនទៀត ក្នុងស្មារតីស្នេហាជាតិ ការពារទឹកដី ប្រឆាំងសត្រូវឈ្លានពាន។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងការងារថ្នាក់ដឹកនាំមន្ត្រីគណបក្ស ដែលបំពេញការងារក្នុងស្ថាប័នរដ្ឋគ្រប់ថ្នាក់ ក៏បានយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទី ភារកិច្ចតាមស្ថាប័ន អង្គភាពរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំសហការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម រួមទាំងបញ្ហាប្រឈមនានា ចាប់ពីពេលសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងរហូតផ្ទុះឡើងនូវសង្គ្រាមឈ្លានពាន ដោយបានខិតខំបង្កើនការយកចិត្តទុកដាក់ថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងខិតខំប្រឹងប្រែងធានារក្សាបាននូវប្រក្រតីភាព នៃជីវភាពសង្គមគ្រប់វិស័យក្នុងផ្ទៃក្នុងប្រទេស ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបន្តជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិ ឲ្យបោះជំហានទៅមុខជាបន្តទៀត។

សម្ដេចក្រឡាហោម ស ខេង បានបន្ដទៀតថា ភារកិច្ចរួមជាយុទ្ធសាស្ត្រដែលគណបក្សបានកំណត់នោះគឺ «ត្រូវពង្រឹងកម្លាំងសាមគ្គី ជាតិជាធ្លុងមួយ រួមគ្នាការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរ និងរឹងមាំ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ដើម្បីប្រជាជនបានរស់នៅសុខដុមរមនា ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ»។

សម្តេចគាំទ្រចំពោះទិសដៅការងារអនុវត្តបន្តរបស់គណបក្សខេត្ត និងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស និងថ្នាក់ដឹកនាំមន្ត្រីក្រុមការងារគ្រប់ថ្នាក់ នៃខេត្តបាត់ដំបង សហការសម្របសម្រួលគ្នាអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរនូវទិសដៅការងារក្នុងឆ្នាំ២០២៦ ដែលជាឆ្នាំដ៏មានសារៈសំខាន់ដែលគណបក្ស ត្រូវត្រៀមរៀបចំកិច្ចការនានាឲ្យបានល្អពីចម្ងាយ សម្រាប់ចូលរួមប្រកួតប្រជែងបន្តដណ្តើមជោគជ័យ ឲ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នីតិកាលទី៨ នាឆ្នាំ២០២៨ខាងមុខ៕