លោក ផារ៉ា មង្គល សម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មី១ខ្នង ២ជាន់ ១២បន្ទប់ និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុនសែន ព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
28-02-2026 15:50
(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវអាគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ (១២បន្ទប់) និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បាននាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះប្រជាពលរដ្ឋស្រុកក្រូចឆ្មារទាំងអស់។
បន្ថែមលើនេះ លោកក៏បាននាំមកនូវមនោសញ្ចេតនានឹករលឹកពីសំណាក់ លោក ជា សុផារ៉ា ដែលជានិច្ចកាលតែងតែណែនាំឲ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសមិទ្ធផលរូបវ័ន្ត និងបន្តជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន។ ប្រធានក្រុមការងាររូបនេះ ក៏បានសម្តែងនូវការកោតសរសើរចំពោះការផ្ដួចផ្ដើមដឹកនាំរបស់ លោក គង់ ភឿន ចំពោះការជួយជ្រោមជ្រែងក្នុងការបង្កើតនូវសមិទ្ធផលសម្រេចបាននូវអគារសិក្សាថ្មីនេះ។
លោក ផារ៉ា មង្គល បានធ្វើការផ្តាំផ្ញើ និងសំណូមពរឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំងត្រូវបន្តចុះមូលដ្ឋានដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ។
លោក ផារ៉ា មង្គល បានលើកឡើងថា ចំណេះដឹងគឺ ជាគ្រឹះដ៏សំខាន់សម្រាប់យុវជន ដើម្បីក្លាយជាសរសរទ្រូងជាតិ ព្រមទាំងបានអំពាវនាវឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យ ស្តាប់ដំបូន្មានឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់វិស័យអប់រំ លោក ផារ៉ា មង្គល បាននាំយកនូវអំណោយសប្បុរសធម៌ ចែកជូនដល់សិស្សានុសិស្សចំនួន ៥៤៧នាក់ ក្នុងម្នាក់ៗទទួលបាន សម្ភារសិក្សាមួយកញ្ចប់ (សៀវភៅ, ប៊ិច, បន្ទាត់) និងថវិកា ៥,០០០រៀល, លោកគ្រូ អ្នកគ្រូ ចំនួន ៥៨នាក់ ម្នាក់ៗទទួលបាន ដបទឹកសុខភាព និងថវិកា ១០,០០០រៀល, អាជ្ញាធរ គ្រូពេទ្យ និងកងកម្លាំង (៩៥នាក់) ម្នាក់ៗទទួលបាន ក្រមាខ្មែរ ១ និងថវិកា ១០,០០០រៀល, ប្រជាពលរដ្ឋ និងមាតា បិតា សិស្ស ចំនួន ៣០០នាក់ ម្នាក់ៗទទួលបាន ក្រមាខ្មែរ ១ និងថវិកា ១០,០០០រៀល ផងដែរ។
សូមជម្រាបថា សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះរួមមានអាគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ (១២បន្ទប់), កន្លែងលាងដៃ ចំនួន ២កន្លែង, ក្លោងទ្វារ, របង, រោងកង់-ម៉ូតូ និងផ្លូវបេតុងចូលវិទ្យាល័យ ហ៊ុនសែន ព្រែកអាជី ប្រវែង ៤២៣ម៉ែត្រ សម្រាប់ឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស សិក្សារៀនសូត្រ និងប្រើប្រាស់ផងដែរ៕























