អគ្គិភ័យឆេះរោងចក្រផលិតអំពូលភ្លើងសឡា នៅស្រុកត្រាំកក់ ខេត្តតាកែវ
28-02-2026 15:56
(តាកែវ)៖ អាគារមួយខ្នងរបស់រោងចក្រផលិតអំពូលភ្លើងសឡា មានទីតាំងស្ថិតនៅក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានអគ្គីភ័យឆាបឆេះ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបណ្ដាលឲ្យខូចខាតអគារមួយខ្នងទាំងស្រុង។
លោក សាយ វណ្ណ: អភិបាលរងស្រុកត្រាំកក់ បានឲ្យដឹងថា រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះឈ្មោះ ហ្រេ្វស សសស៏ អ៊ិនធើណេតសិនល (ខេមបូឌា) ឯក រោងចក្រអំពូលភ្លើងសឡា (បរិវេណរោងចក្រស្លាគូ) តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៦-៦៧ បណ្ដាលឲ្យខូចខាតអាគាររោងចក្រចំនួន១ខ្នង ទំហំ ៣៥ម៉ែត្រ គុណ១៥០ម៉ែត្រ (ខូចខាតទាំងស្រុង)។
លោកបានបន្ដថា ករណីអគ្គីភ័យនេះអាចបណ្ដាលមកពីទុស្សេខ្សែភ្លើងហើយទំហំខូចខាតអស់ប្រមាណជាង៣លានដុល្លារ។ ករណីអគ្គីភ័យនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រាំកក់ បានសហការធ្វើការបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការណ៍មិនឲ្យភ្លើងឆេះរាលដាលទៅអាគារផ្សេងនោះទេ ដោយបានប្រើប្រាស់ឡានទឹកសរុប ប្រហែល៣០ឡាន៕














