អភិបាលខេត្តកណ្ដាល និងលោក ចៅ តុល រៀបចំពិសារអាហារស្រាយបួសជាមួយពលរដ្ឋមូស្លីមជាង១ពាន់នាក់ នៅស្រុកកោះធំ
28-02-2026 15:53
(កណ្ដាល)៖ សហគមន៍ឥស្លាមកម្ពុជាស្រុកកោះធំជាង១,០០០នាក់ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយបានជួបជុំគ្នាជាមួយថ្នាក់ដឹកនាំ ពិសារអាហារស្រាយបួសយ៉ាងកក់ក្ដៅ និងពោរពេញទៅដោយភាពសប្បាយរីករាយ។ ការរៀបចំពិធីនេះធ្វើឡើងដោយមានការសហការគ្នាដោយលោក ចៅ តុល អនុប្រធានទី២ អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
កម្មវិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិហារឥស្លាម អាល់ អាហ្សីម ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ដោយមានវត្តមានចូលរួមជាកិត្តិយសផងដែរពីសំណាក់លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ, លោកស្រី ម៉ាន ណាវី សមាជិករដ្ឋសភា, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ូ សេន អ៊ូម៉ាំខេត្ត (មេសាសនាឥស្លាមខេត្ត), លោក ឌឹម បូរ៉ា អភិបាលរងខេត្ត(មូស្លីម), លោក ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ, លោក ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ, លោក ស្លេះ ណាហ្ស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន, ប្រធានមន្ទីរជុំវិញខេត្ត។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា កម្ពុជាមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អប្រសើរជាងបណ្ដាប្រទេសដទៃ ខណៈសាសនិកឥស្លាមកម្ពុជា មានសិទ្ធិពេញលេញប្រណិបត្តិកាតព្វកិច្ចសាសនា ពិសេសបួសដោយសេរីភាព។
លោកអភិបាលខេត្ត បានបន្តថា ពិធីដ៏មានតម្លៃនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ភាតរភាព និងការយោគយល់អធ្យាស្រ័យរវាងបងប្អូនសហគមន៍ឥស្លាម នៅខេត្តកណ្តាល ហើយក៏បានផ្តល់ជាឱកាសដ៏កម្រ ដែលអនុញ្ញាតឲ្យសមាជិកសហគមន៍បានជួបជុំគ្នា សាងទំនាក់ទំនងឲ្យកាន់តែរឹងមាំ ផ្លាស់ប្តូរទស្សនៈចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍ វិស័យសាសនាឥស្លាម ព្រមទាំងលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអ៉ីម៉ាំខេត្ត-ក្រុង-ស្រុក ហាកឹម តួន និងសាសនិកឥស្លាម នៅទូទាំងខេត្តកណ្តាល ដែលជានិច្ចកាលតែងតែចូលរួម ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ក្នុងមូលដ្ឋាន និងទូទាំងខេត្ត ដែលជាគំរូល្អសម្រាប់សហគមន៍ដទៃទៀត។ ការចូលរួមរបស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការកសាងសង្គមកម្ពុជា ប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាព។
ជាមួយគ្នានេះ លោក ស៊ូ សេន អ៊ូម៉ាំខេត្តកណ្ដាល បានថ្លែងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» ថា ក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ខ្មែរឥស្លាម មានការរីកចម្រើន និងមានសេរីភាពជំនឿសាសនាយ៉ាងពេញលេញ ជាពិសេសរាជរដ្ឋាភិបាលបានរៀបចំឲ្យមានស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងបានផ្ដល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោក ចៅ តុល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំយកចិត្តទុកដាក់ផ្តល់សេរីភាពលើជំនឿសាសនាដោយពេញលេញ លើកស្ទួយព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ និងគាំទ្រគាំពារការគោរពប្រតិបត្តិសាសនាឥស្លាម និងសាសនាដទៃ ឆ្ពោះទៅកាន់សុខដុមនីយកម្មសាសនា ដើម្បីការរីកចម្រើនការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍដោយគ្មានការរើសអើង និងការកេងប្រវ័ញ្ញសាសនា។
លោកបានសង្កត់ធ្ងន់ថា លទ្ធិជ្រុលនិយមគឺជាសត្រូវនៃភាពសុខដុមរមនា និងសន្តិសហវិជ្ជមាននៅក្នុងសង្គមជាតិ។ ជាក់ស្ដែងគ្មានសង្គមណាមួយដែលមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាស និងសាសនានោះទេ ហើយសង្គមដែលទាមទារ ភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមកនូវសោកនាដកម្ម និងការធ្វើទុក្ខបុកម្នេញ ការសងសឹកគ្មានទីបញ្ចប់ហើយដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរកសកម្មភាពបោសសម្អាតជាតិសាសន៍។
សូមជម្រាបថា រ៉ម៉ាឌន ជាខែដែលខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃរយៈពេលមួយខែ។ របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុណ្ណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួស នៅថ្ងៃដំបូងនៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែរ៉ម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ប៉ាន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឲ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ម៉ាឌន។
មិនត្រឹមតែការបំពេញកាតព្វកិច្ចបួសប៉ុណ្ណោះទេ នាពេលរាត្រីចូលមកដល់សាសនិកអ៉ីស្លាមទាំងបុរស នារី រួសរាន់ប្រជុំគ្នាក្នុងវិហារ តែខណ្ឌចែកដាច់ដោយឡែកមិនឲ្យឃើញគ្នាឡើយដើម្បីប្រតិបត្តិសឡាត (ថ្វាយបង្គុំ) «តារ៉វេះ» ដែលមានរយៈពេលច្រើនរ៉ក់អាត់ (ចំនួនដងនៃការថ្វាយបង្គុំ) ដោយនៅវិហារខ្លះ ជាមធ្យមថ្វាយបង្គុំរហូតដល់ជិតភ្លឺខ្លះត្រឹមម៉ោងជាង ៩តិចតួចប៉ុណ្ណោះ អាស្រ័យទៅតាមសមត្ថភាព ដោយគ្មានការបង្ខិតបង្ខំឡើយ ពោលគឺពាក្យចាស់ពោលថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន។
ខែរ៉ម៉ាឌន ជាខែដែលសាសនិកឥស្លាមគ្រប់រូបចាត់ទុកជាខែធ្វើបុណ្យ ហើយរាល់គ្នាស្រលាញ់នូវការធ្វើបុណ្យនេះណាស់ ខណៈដែលពួកគេមានជំនឿយ៉ាងមុតមាំថា គេអាចនឹងចូលសួគា៍របស់អល់ឡោះ ជាម្ចាស់តាមរយៈទ្វារដ៏ស្រស់ស្អាតនៅថ្ងៃបរលោកដែលហៅថា «ទ្វារ៉យ៉ាន»។ ផលបុណ្យដែលបងប្អូនមូស្លីមខិតខំសាងឡើងនេះ គឺស្ថិតក្នុងគោលការណ៍សន្តិភាព ហើយថែមទាំងប្រកបដោយក្ដីស្រលាញ់រវាងគ្នាថែមទៀតផង។ សម្រាប់ឆ្នាំ ២០២៦នេះ សាសនិកឥស្លាមកម្ពុជា បានចាប់ផ្ដើមបួសពីថ្ងៃទី ១៩ ខែកុម្ភៈ រហូតអាចនឹងដល់ថ្ងៃទី១៨ ឬ ១៩ ខែមីនា ឆ្នាំ២០២៦ អាស្រ័យលើច័ន្ទគតិ៕



























