មន្ទីរសុខាភិបាលខេត្តព្រះវិហារ ទទួលបានឈាមពីអ្នកបរិច្ចាគចំនួន៩៩៩សាក់ នៅឆ្នាំ២០២៥

28-02-2026 16:02

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ក្រុមការងារបានចុះបូមឈាមដល់អ្នកស្ម័គ្រចិត្តបរិច្ចាកឈមនៅក្នុងឆ្នាំ២០២៥ ទទួលបាន៩៩៩ ច្រើនជាងឆ្នាំ២០២៤ មានតែ៤៧១សាក់។

ការថ្លែងលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រោមវត្តមានលោក តូច វង្ស សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក គួង ឡូ បានថ្លែងថា ការផ្តួចផ្តើមគំនិតនិងដឹកនាំដោយផ្ទាល់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» គ្រូពេទ្យ និងក្រុមការងារបានចុះបូបឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាកឈាមបានយ៉ាងច្រើន ធ្វើឲ្យមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា នាពេលបច្ចុប្បន្ននេះ មិនជួបប្រទះនូវការខ្វះឈាម សម្រាប់ជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមនោះទេ។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ត្រីទាំងអស់ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណដល់លោក គីម រិទ្ធី ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំឲ្យមានការប្រមូលឈាម ហើយក៏ជាគំរូសម្រាប់ខេត្តផ្សេងទៀត មិនមែនសម្រាប់តែខេត្តព្រះវិហារមួយទេ ខេត្តផ្សេងក៏ចាប់ផ្តើមអនុវត្តតាមខេត្តព្រះវិហារផងដែរ។

ពាក់ព័ន្ធសន្និបាតរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នាពេលនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងអំពីលទ្ធផលការងារសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ដោយទទួលបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ដូចជា ការផ្តល់សេវាសុខាភិបាល ការលើកកម្ពស់គុណភាពសេវា ការគ្របដណ្តប់មូលនិធិសមធម៌ និងបសស ធនធានមនុស្សសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ការគ្រប់គ្រងព័ត៌មានសុខាភិបាល អភិបាលកិច្ចប្រព័ន្ធសុខាភិបាល។

នៅក្នុងឱកាសនោះ លោកវេបណ្ឌិត គួង ឡូ បានផ្តល់អនុសាសន៍ និងធាតុចូលមួយចំនួនដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តព្រះវិហារ រួមមាន៖

*ថ្នាក់ដឹកនាំទាំងអស់ត្រូវមានសមត្ថភាពនិងពូកែ ទើបអង្គភាពមានការរីកចម្រើន
*ថ្នាក់ដឹកនាំត្រូវធ្វើការងារឱ្យបានច្រើនជាងមន្ត្រី មានចក្ខុវិស័យ យុទ្ធសាស្ត្រ ត្រួតពិនិត្យ តាមដាន ផ្តល់យោបល់ ជួយដោះស្រាយ
*ថ្នាក់ដឹកនាំត្រូវតែបើកចិត្តឱ្យទូលាយ ទទួលយកព័ត៍មានត្រឡប់ពីមន្ត្រីក្រោមឱវាទក្នុងន័យស្ថាបនា យកមកវិភាគ ពិចារណា ដោះស្រាយ ហើយនិងបដិសេធក្នុងន័យជាន់បន្លិច
*ឆ្លងតាមការធ្វើវេទិការសុខភាពសហគមន៍នៅតាមមូលដ្ឋាន ការលើកឡើងរបស់ប្រជាពលរដ្ឋមិនពេញចិត្តអកប្បកិរិយា និងអត្តចរិក របស់បុគ្គលិកសុខាភិបាលដោយមិនសូវចេះធ្វើបដិសណ្ឋារកិច្ច ដូចនេះសូមថ្នាក់ដឹកនាំទាំងអស់ពង្រឹងបដិសណ្ឋារកិច្ច
*ត្រូវបម្រើសេវាសុខាភិបាលឱ្យមានគុណភាព ប្រសិទ្ធិភាព ស័ក្កសិទ្ធិភាព សមធម៌ មានសុវត្ថិភាព នោះទើបការផ្តល់សេវាមាននិរន្តរភាព។
*ពង្រឹងគ្រមសីលធម៌វិជ្ជាជីវៈ សូមគណៈ វិជ្ជាជីវៈទាំងអស់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈតាមរយះបង្រៀន និងផ្សព្វផ្សាយដល់មន្ត្រីសុខាភិបាលសាធារណៈ និងឯកជនឱ្យបានល្អ។
*មន្ទីរពេទ្យនិងមណ្ឌលសុខភាព ត្រូវមានផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិល ឬ៥ឆ្នាំ៕