លោក កឹមរ័ត្ន វិសិដ្ឋ អញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ដំរីជាន់ខ្លា

28-02-2026 16:28

(កំពង់ធំ)៖ នាព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានរៀបចំពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ដំរីជាន់ខ្លា ចំនួន ៨១១នាក់ ក្នុងនោះមានស្រី ៣៩៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា ដោយមានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារនៅមូលដ្ឋាន។

ឯកឧត្តម ទូច សុខា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានណែនាំដល់សមាជិកថ្មីឱ្យបានយល់ពីលក្ខន្តិកៈ និងការបំពេញតួនាទីភារកិច្ចក្នុងនាមជាសមាជិកគណបក្សឱ្យបានត្រឹមត្រូវ តាមគោលការណ៍ "សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ" និងត្រូវចូលរួមការប្រជុំជីវភាពបក្សឱ្យបានទៀងទាត់។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មីដែលសម្រេចចិត្តបានត្រឹមត្រូវក្នុងការចូលរួមជីវភាពជាមួយគណបក្សប្រជាជន ជាកម្លាំងបន្ថែមជាមួយសមាជិកដែលមានស្រាប់ ដើម្បីរក្សាប្រៀបឈ្នះនាការបោះឆ្នោតនៅពេលខាងមុខ។ ដោយឡែក ចំពោះមុខសភាពការព្រំដែនបច្ចុប្បន្ន ឯកឧត្តមប្រធានបានអំពាវនាវឱ្យសមាជិកបក្សទាំងអស់ត្រូវតែមានជំនឿទុកចិត្តលើគណបក្ស ថ្នាក់ដឹកនាំគណបក្ស រាជរដ្ឋាភិបាល និងវីរៈកងទ័ពក្នុងការការពារបូរណៈភាពទឹកដី។ សមាជិកគណបក្សត្រូវតែមានស្មារតីស្មោះត្រង់ជាមួយថ្នាក់ដឹកនាំគណបក្ស ហើយប្រឆាំងដាច់ខាតទោះក្នុងតម្លៃណាក៏ដោយចំពោះល្បិចកលប៉ុនប៉ងធ្វើឱ្យមានបែកបាក់ផ្ទៃក្នុងបក្ស បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម។

ឯកឧត្តមប្រធានបានរំលេចអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទប់ទល់ការឈ្លានពានរបស់ថៃលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា ការទូត និងផ្លូវច្បាប់។ ឯកឧត្តមប្រធានបានស្នើឱ្យគណបក្សមូលដ្ឋានពង្រឹងរចនាសម្ព័ន្ធបក្សឱ្យបានរឹងមាំប្រកបគុណភាព តៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨៕