ពន្ធនាគារខេត្តពោធិ៍សាត់ ច្រានចោលការចុះផ្សាយចោទប្រកាន់លើ ថ្នាក់ដឹកនាំពន្ធនាគារខេត្ត
28-02-2026 16:41
(ពោធិ៍សាត់)៖ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ ចេញលិខិតបំភ្លឺ និងច្រានចោលការចុះផ្សាយរបស់គណនី Facebook មួយដែលបានចោទប្រកាន់លើ អតីតប្រធានពន្ធនាគារខេត្តពោធិ៍សាត់ និងលោកប្រធានពន្ធនាគារបច្ចុប្បន្ន។ នេះបើតាមលិខិតបំភ្លឺ និងបដិសេធ របស់អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងលិខិតបំភ្លឺ និងបដិសេធនោះបានសរសេររៀបរាប់ថា ករណីគណនី Facebook ឈ្មោះ Cam-Hotnews ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានខ្លឹមសារថា ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ធុំក្លិនមិនល្អទៀតហើយ មិនទាន់បាត់ធុំក្លិន ស្រួលបួលផង លោកអតីតប្រធានពន្ធនាគារខេត្តពោធិ៍សាត់ និងលោកប្រធានពន្ធនាគារបច្ចុប្បន្ន ត្រូវបានអតីតទណ្ឌិតទើបចេញពីពន្ធនាគារបានដាក់ពាក្យបណ្តឹង។
ឆ្លើយតបទៅលើការចេញផ្សាយរបស់គណនីFacebook ឈ្មោះ Cam-Hotnews ខាងលើនេះ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ សូមបំភ្លឺជូនសាធារណជនជ្រាបថា៖
«ករណីបុគ្គលឈ្មោះ វេង សេងហួរ ដែលបានផ្តល់ខ្លឹមសារសម្ភាសជាមួយអ្នកសារព័ត៌មាន Cam-Hotnews ហើយយកចុះផ្សាយនេះ គឺជារឿងមិនពិតនោះទេ ព្រោះបុគ្គលនេះកន្លងមក ធ្លាប់ជាប់ពន្ធនាគារជាច្រើនដង ហើយក្នុងអំឡុងពេលអនុវត្តទោស ក្នុងពន្ធនាគារខេត្តពោធិ៍សាត់យើងខ្ញុំ ក៏បុគ្គលនេះបានប្រព្រឹត្តបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ហើយត្រូវបានតុលាការខេត្តពោធិ៍សាត់សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារបន្ថែម ចំនួន១៨ខែ ហើយទើបតែអនុវត្តទោសក្នុងពន្ធនាគារចប់ និងត្រូវបានដោះលែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។
បន្ទាប់ពីចេញពីពន្ធនាគារមានសេរីភាពឡើងវិញ បុគ្គលរូបនេះ មិនព្រមកែប្រែខ្លួន បែរជាបន្តប្រើប្រាស់ខ្លឹមសារដែលខ្លួនធ្លាប់បានប្រឌិតហើយត្រូវបានតុលាការ សម្រេចផ្តន្ទាទោសរួចហើយនោះ ធ្វើការចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ សារជាថ្មីម្តងទៀត។
អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ សូមធ្វើការបដិសេដទាំងស្រុង រាល់ខ្លឹមសារដែលគណនី Facebook ឈ្មោះ Cam-Hotnews បានចុះផ្សាយខាងលើ ដោយហេតុថា ពន្ធនាគារខេត្តពោធិ៍សាត់ យើងខ្ញុំ ពុំបានធ្វើការកៀបសង្កត់ដល់ជនជាប់ឃុំណាម្នាក់ឡើយ តែផ្ទុយទៅវិញ តែងតែអនុវត្តតួនាទី របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដោយបានយកចិត្តទុកដាក់គ្រប់គ្រង ថែទាំសុខភាព អប់រំណែនាំ និងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដល់ជនជាប់ឃុំទាំងអស់ឲ្យមានការកែប្រែខ្លួន។ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់យើងខ្ញុំ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ វេង សេងហួរ ដែលបានបន្តចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អង្គភាពយើងខ្ញុំ»៕





