លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ​ ម៉ាល័យ​ ចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកជិត១៧០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

28-02-2026 17:00

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា​អគ្គមហា​ឧបាសិកាសិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន១,៦៨៦គ្រួសារ នៅវត្តកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាជនភៀកសឹក នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី បានថ្វាយនូវគ្រឿងសក្ការៈបូជា បួងសួងសុំសេចក្តីសុខសប្បាយ សំណាងល្អដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា និងសូមឧទ្ទិសផលកុសល ដល់ដួងវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលី ក្នុងបុព្វហេតុជាតិមាតុភូមិ ទៅចាប់យោងយកនៅឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនា អកុសលផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូន និងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ពិសេសអាជ្ញាធរស្រុកថ្មពួក ត្រូវបន្តយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់បងប្អូនយើង ឲ្យជាប់ជាប្រចាំមានករណីចាំបាច់ ត្រូវរួមគ្នារាយការណ៍សហការដោះស្រាយ ដើម្បីបន្តរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត និងរៀបចំដាំបន្លែ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា លោក កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន បាននាំយកបច្ច័យ និងអំណោយជាថវិកា សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ប្រគេន និងចែកជូនដល់គ្រួសារជនភៀសសឹក ប្រជាការពារ យុវជន កងកម្លាំង សរុបថវិការួមប្រមាណជា៥៣១លានរៀល៕