រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះសំណេះសំណាលសួរសុខទុកក្រុមលោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជំងឺសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង

28-02-2026 18:40

(កោះកុង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយមានការទទួលស្វាគមន៍ដោយលោកស្រី ឈី វ៉ា អភិបាលខេត្ត, លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានសម្ដែងការកោតសរសើរអំពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ តែងតែខិតខំប្រឹងប្រែងទទួលបាននូវលទ្ធផលជាបន្តបន្ទាប់ គួរជាទីមោទនភាពប្រកបដោយភាពរឹងមាំ និងច្បាស់លាស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនឲ្យនរណាម្នាក់អាក់អន់ចិត្តក្នុងការព្យាបាលនោះឡើយ។

លោកសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីត្រូវយកចិត្តទុកដាក់បន្តពង្រឹងការងារប្រចាំថ្ងៃ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតបន្តបេសកកម្មថ្មីៗ ក្នុងវិស័យសុខាភិបាលទៅគ្រប់វិស័យ ដើម្បីឈានទៅសម្រេចបាននូវការគ្រប់ដណ្ដប់សុខភាពសកលបន្ថែមពេលនេះបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ជំងឺនានាដែលកំពុងមានការឆ្លងថ្មីៗផ្សេងៗនេះ មកលើពលរដ្ឋ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តថា មន្ទីរពេទ្យបង្អែកខេត្តជាមន្ទីរពេទ្យជាប់លំដាប់ថ្នាក់លេខ១ទូទាំងប្រទេស ក្នុងការហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍ និងក្រុមលោកគ្រូពេទ្យគោរពតួនាទីបំពេញកាតព្វកិច្ច ក្រមសីលធម៌ ក្នុងការយកចិត្តទុកការព្យាបាលអ្នកជំងឺដោយមិនប្រកាន់វណ្ណៈ ហើយមន្ទីរពេទ្យបង្អែកនេះដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងបញ្ហាទ្វេភាគីថែមទៀតផង។

លោកសាស្ត្រាចារ្យ បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវមានភាពរឹងមាំទោះបីប្រទេសជាតិ កំពុងជួបនូវបញ្ហាសង្រ្គាមជាមួយប្រទេសជិតខាងក៏ដោយ យើងនៅតែប្រកាន់ភ្ជាប់ដោយមិនបោះបង់ប្រជាពលរដ្ឋឡើយ៕