លោក ហ៊ុន ម៉ានី ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បន្តយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋ

28-02-2026 19:12

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅភារកិច្ចបន្ដសម្រាប់ខែមីនារបស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានទី១ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ៤៥០នាក់។

លោក អុិន ឃុន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីបានស្ដាប់របាយការណ៍លោក ហ៊ុន ម៉ានី បានផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅបន្តភារកិច្ចឆ្នាំ២០២៦។ ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងលើកទឹកចិត្តឱ្យមានការរាយការណ៍ជាប្រចាំ ជាពិសេសតាមដានអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក ហ៊ុន ម៉ានី បានណែនាំក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្ត តាមដែលអាចធ្វើទៅបាន និងបន្តពង្រឹងការអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលសុខទុក្ខរបស់ពួកគាត់គឺជាស្នូល នៃបេសកកម្មរបស់គណបក្សយើង៕