ករណីបោកពងទា ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្ដួចផ្អើលតាមបណ្ដាញសង្គម ត្រូវសម្របសម្រួលដោះស្រាយបញ្ចប់ដោយគ្មានការទារសំណង (Video inside)
28-02-2026 22:19
(ភ្នំពេញ)៖ ករណីស្ដ្រីម្ចាស់ឡានមួយគ្រឿង បោកពងទាកូនអ្នកលក់តាមរ៉ឺម៉ក ព្រោះខឹងគ្មានលុយសងការខូចខាតនៃការប៉ះឡានខ្លួន៣០ដុល្លារផ្អើលពេញបណ្ដាញសង្គមនោះ ត្រូវបានសម្របសម្រួលបញ្ចប់ហើយនៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦នេះ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ភាគីទាំងពីរបានមកជួបគ្នា និងបានសម្របសម្រួលមិនប្តឹងផ្តល់គ្នា គឺសុំបញ្ចប់បញ្ហារៀងៗខ្លួនមិនមានភាគីណាមួយទារសំណងនោះទេ។
លោកបានបន្ដថា ក្រោយសមត្ថកិច្ចអប់រំរួច ពួកគេទាំង២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សូមជម្រាបថា នារីម្នាក់បានបើករថយន្តលុចស៊ីសស្លាកលេខ ភ្នំពេញ 2CG-7680 បានប៉ះជាមួយរ៉ឺម៉កលក់ពងទាកូនបន្តិចបន្តួចដោះស្រាយគ្នាមិនទាន់រួច តែម្ចាស់រថយន្តលុចស៊ីសខាងលើបានបោក និងបោះពងទាជាច្រើនគ្រាប់ទៅលើផ្លូវបណ្ដាលឲ្យបែកខូចខាតជាច្រើន រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុ។
ហេតុការណ៍នេះនៅតាមបណ្ដោយផ្លូវស្ពានដែកចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦៕




