រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកជួយការងារមន្ទីរពេទ្យបង្អែក បង្កើនការជួយគាំទ្រថែមទៀត ទាំងស្មារតី និងបច្ចេកទេសវេជ្ជសាស្រ្ត
01-03-2026 17:46
(បាត់ដំបង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកជួយការងារមន្ទីរពេទ្យបង្អែក បង្កើនការជួយគាំទ្រថែមទៀត ទាំងស្មារតី និងបច្ចេកទេសវេជ្ជសាស្រ្ត បន្ថែមទៅលើទឹកចិត្ត ឆន្ទៈ ដែលមន្រ្តីសុខាភិបាលយើងកំពុងមាននេះ ជាចំនុចពិសេសរបស់មន្រ្តីសុខាភិបាលយើង។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសចុះទៅពិនិត្យមន្ទីររពេទ្យបង្អែកសំពៅលូន នាចុងខែកុម្ភៈនេះ។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីសុខាភិបាលរបស់ខ្លួនថា «ថ្ងៃនេះដែលខ្ញុំមកឃើញបងប្អូនដែលពាក់អាវស ទោះបីជាស្ថានភាពលំបាកប៉ុណ្ណា បងប្អូនពាក់អាវសដែលជាអាវវិជ្ជាជីវៈដោយឥតរាថយ ប៉ុន្តែនៅក្នុងជម្រៅនៅក្នុងអាវសនេះ គឺជាសេចក្តីក្លាហាន សេចក្តីអង់អាចពុះពារ ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ និងវីរកងទ័ព»។
សូមជម្រាបជូនថា មន្ទីរពេទ្យបង្អែកសំពៅលូន បានរង់ផលប៉ះពាល់ និងបានផ្អាកដំណេីរបណ្តោះអាសន្ន នៅក្នុងអំពេលមានបញ្ហាព្រំដែនកម្ពុជា ថៃ និងបេីកដំណេីរការឡេីងវិញបន្ទាប់ពីបទឈប់បាញ់៕







































