សាសនិកឥស្លាមកម្ពុជាចំនួន១,២០០នាក់ នឹងទទួលបានអាហារស្រាយបួស តាមរយៈគម្រោងសប្បុរសធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតអនុវត្តនៅកម្ពុជា
01-03-2026 18:27
(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជេីញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ដែលជាគម្រោងព្រះចៅ សាល់ ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត គ្រប់គ្រង និងរៀបចំដោយក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ឥស្លាមកម្ពុជា រួមមាន សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារដ្ឋាភិបាល ឯកអគ្គរាជទូតព្រុយណេប្រចាំកម្ពុជា បញ្ញាវន្តឥស្លាម ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើន។
ពិធីស្រាយបួសនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរនៃខែរ៉ាម៉ាឌន ដែលជាខែពិសិទ្ធក្នុងសាសនាឥស្លាម ព្រមទាំងពង្រឹងសាមគ្គីភាព មិត្តភាព ភារតភាព រវាងថ្នាក់ដឹកនាំឥស្លាម ជាមួយសាសនិកឥស្លាមនៅទូទាំងប្រទេស។
គម្រោងស្រាយបួសព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីសអាល់ សាអ៊ូដ សម្រាប់អ្នកបួសខែរ៉ម៉ាឌនដ៏ពិសិដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ១៤៤៧ ម.ស - ២០២៦ គ.ស នឹងធ្វើនៅខេត្តកំពង់ឆ្នាំងសម្រាប់អ្នកបួសសរុបចំនួន១២០០នាក់៕




