អ្នកជំនាញអារ្យធម៌ខ្មែរ៖ ថៃកំពុងប្រើការទូតបង្ខិតបង្ខំ ត្រាប់តាមរុស្ស៊ី

01-03-2026 20:48

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើនិយាយអំពីសំដីរបស់លោក ស៊ីហាស័ក ភួងកេតកែវ- Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលបានថ្លែង ចំពោះមុខកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប.នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ ដោយបានសម្ដែងឫកចោទសួរយ៉ាងក្ដែងៗថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ?

ក្នុងសំដីរបស់ប្រមុខការទូតថៃ ដែលបានថ្លែងគំរាមច្បាស់ៗ បែបនេះ បានបង្ហាញថា ទង្វើអត្តចរិតការទូតថៃបែបនេះ មិនមែនជាដំណោះស្រាយតាមការទូតចរចាបែប ឈ្នះឈ្នះទ្បើយ ប៉ុន្ដែគឺថៃកំពុងតែប្រើការទូតបង្ខិតបង្ខំ ត្រាប់តាមរុស្ស៊ី ដោយប្រើកម្លាំងយោធាសព្វាវុធទំនើបៗ បាញ់បំផ្លាញហេដ្ឋារចនាសម្ព័នស៊ីវិល និងការគំរាមប្រើបរមាណូ កុំឲ្យអឺរ៉ុបលូតដៃ ដើម្បីបង្ខំឲ្យអ៊ុយក្រែនចុះចាញ់ យកទឹកដី។

បើនិយាយឲ្យចំ សំដីច្រឡោងខាមរបស់ប្រមុខការទូតថៃ ត្រាប់តាមរុស្ស៊ី ដោយយកឫករុស្ស៊ីធ្វើជាឫកខ្លួនឯងរូបនេះ ប្រើវោហាសាស្ត្រការទូតបង្ខិតបង្ខំ មកលើរដ្ឋអធិបតេយ្យកម្ពុជា គំរាមកំហែងប្រើយន្ដហោះចម្បាំងF-16 បាញ់កំទេចកម្ពុជា, ការចល័តទ័ពក្បែរព្រំដែន, ការបាញ់កម្ទេចរចនាសម្ព័ន្ធស៊ីវិល, ការដាក់សម្ពាធ ឬទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យភាគីម្ខាងទៀតធ្វើតាមអ្វីដែលខ្លួនចង់បានតាមមហិច្ឆតាឈ្លានពាន ទោះជាខុសច្បាប់ដើម្បីដណ្ដើមយកទឹកដី ដែលសកម្មភាពទាំងនេះ គឺជាការប្រើកម្លាំងយោធាឈ្លានពាន- Invasion ដើម្បីកាន់កាប់ទឹកដីជាក់ស្ដែងតែម្ដង ដោយរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ទន្ទឹមនឹងនេះ មានការចោទសួរថា តើទង្វើរបស់ប្រមុខការទូតថៃ ដែលប្រើសំដីបង្ខិតបង្ខំដើម្បីឲ្យរដ្ឋអធិបតេយ្យមួយ ជ្រើសរើសយកផ្លូវសន្តិភាព ឬចង់បានសង្រ្គាម បង្ហាញពីភាពព្រៃផ្សៃលើផ្នែកការទូតបែបណា?

លោក រ័ត្ន សណ្តាប់ យល់ថា ចំពោះទង្វើអាកប្បកិរិយារបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលប្រើសំដី ដើម្បីបង្ខំឲ្យរដ្ឋអធិបតេយ្យមួយជ្រើសរើសយកផ្លូវសន្តិភាព ឬផ្លូវសង្រ្គាម គឺមិនមែនជារឿងចៃដន្យលើផ្នែកការទូតរបស់ទីក្រុងបាងកកឡើយ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីយុទ្ធសាស្ត្រ ឆន្ទៈនយោបាយ និងបុគ្គលិកលក្ខណៈរបស់មេដឹកនាំរដ្ឋ ជាប្រមុខការទូតរបស់ថៃដែលចូលចិត្តភាសា មានលក្ខណៈគំរាមកំហែង រឹងត្អឹង ឬញុះញង់ ដោយប្រើសំដីភូតភរ និងកាយវិការសម្ដែង ធ្វើដូចខ្លួនជាជនរងគ្រោះ។

បើនិយាយអំពីសំដីការទូតគំរាមគំហែងបង្ខិតបង្ខំ ដ៏ពិសពុលទាំងនេះ បង្ហាញអំពីចរិតលក្ខណៈដូចជា៖

១៖ ​ជាចរិតការទូតមានភាពអំនួត , បង្ហាញពីចរិតអំនួតក្អេងក្អាង ដែលពួកគេជឿជាក់ថា ការប្រើកម្លាំងយោធាគឺជាដំណោះស្រាយតែមួយគត់ ដើម្បីបង្ខំឲ្យអ្នកដទៃធ្វើតាមចិត្តខ្លួន ជាសញ្ញានៃភាពទាល់ច្រក ឬបាត់បង់ការអត់ធ្មត់ និងទន់ខ្សោយផ្នែកយុទ្ធសាស្ត្រមនោគមវិជ្ជាការទូត។ ​

​​២៖ ជាចរិតការទូតបែបចាញ់ចាញ់, អ្នកការទូតប្រភេទនេះ ពួកគេយល់ថា ទំនាក់ទំនងអន្តរជាតិ គឺជាល្បែងចាញ់ឈ្នះដាច់ខាត ក្នុងចិត្តរបស់ពួកគេ គ្មានដំណោះស្រាយកណ្តាល ឬការសម្រុះសម្រួលឡើយ។ ការដាក់ឱសានវាទបែបនេះ បង្ហាញពីចរិតរឹងត្អឹង និងខ្វះភាពបត់បែនក្នុងវិជ្ជាជីវៈស្នូលរបស់អ្នកការទូត ពួកគេជឿថា "សន្តិភាព" អាចកើតមានទៅបាន លុះត្រាតែភាគីម្ខាងទៀតយល់ព្រមចុះចូលតាមលក្ខខណ្ឌរបស់ខ្លួន។ ដំណោះស្រាយការទូតបែបនេះ គឺជាដំណោះស្រាយគ្មានបានលទ្ធផលគឺស្មើនឹងសូន្យ។

​៣៖ ជាចរិតការទូតជ្រុលនិយម, ​ពួកគេមើលឃើញពិភពលោកតាមរយៈ អំណាចជាធំ អ្នកការទូតបែបនេះយល់តែខ្លួនឯងថា ប្រទេសដែលទន់ខ្សោយត្រូវតែធ្វើតាមបង្គាប់របស់ប្រទេសខ្លាំង បង្ហាញពីអំនួតនៃអំណាច និងការមើលងាយដល់អធិបតេយ្យភាពនៃរដ្ឋដទៃ។

ហេតុនេះចំពោះទង្វើអាកប្បកិរិយា និងចរិតលក្ខណៈសំដីច្រទ្បោងខាម
របស់ប្រមុខការទូតទីក្រុងបាងកក ទាំងនេះ គឺជាការបំផ្លាញមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការល្អនិងយូរអង្វែងរវាងប្រជាជាតិជិតខាង និងជាការរុញច្រានឲ្យទាល់ច្រក ព្រោះនៅពេលបង្ខំឲ្យរដ្ឋអធិបតេយ្យមួយទៀតរើសយកអ្វីដែលខ្លួនកម្រិត ជារឿយៗវាអាចរុញច្រានឲ្យមានសង្រ្គាម ព្រោះគ្មានប្រទេសណា ចង់បាត់បង់កិត្តិយសជាតិដោយការចុះចាញ់ក្រោមការបង្ខិតបង្ខំនោះឡើយ។ ដូច្នេះសំដីរបស់ប្រមុខការទូតទីក្រុងបាងកករូបនេះ ជាសំដីបរាជ័យនៃវិជ្ជាជីវៈការទូត ព្រោះតួនាទីអ្នកការទូតគឺ "ស្វែងរកសន្តិភាពតាមរយៈការចរចា" ដើម្បីឈ្នះឈ្នះទាំងអស់គ្នា ប៉ុន្តែការដាក់ឱសានវាទសង្រ្គាម គឺជាការបោះបង់ចោលនូវសិល្បៈនៃការចរចា។ ជាទូទៅក្នុងប្រវត្តិអ្នកការទូតដែលពូកែ គឺអ្នកដែលបង្ហាញផ្លូវឲ្យសត្រូវដើរចេញដោយរក្សាមុខមាត់បាន មិនមែនអ្នកការទូតដែលរុញសត្រូវឲ្យទាល់ច្រកនោះទេ៕