បណ្ឌិត កែរ រដ្ឋា៖ រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញ និងលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
02-03-2026 07:33
(កំពង់ស្ពឺ)៖ បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ហោងសំណំ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។
ពិធីនេះ មានការចូលពីនារីដែលជាក្រុមប្រឹក្សាឃុំ ១នាក់ ភូមិ ៩នាក់ អនុវិទ្យាល័យតាំងរបង ៣នាក់ សាលាបឋមសិក្សាតាំងរបង ៣នាក់ សាលាបឋមសិក្សាក្រាំងគគីរ ៣នាក់ សាលាមត្តេយ្យសហគមន៍ ៣នាក់ និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិជាបុរស សរុប ៤៨នាក់។
អ្នកគ្រូ ដា សុខនឿន តំណាងឱ្យនារីទាំងអស់ដែលបានចូលរួម បានឡើងអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជូនដល់អង្គពិធី។
ក្នុងឱកាសនោះ បណ្ឌិត កែរ រដ្ឋា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចនូវវឌ្ឍនភាពគួរជាទីមោទនៈ តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ លើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើស្រ្តីនិងក្មេងស្រី។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ការប្រារព្ធទិវាដ៏ប្រពៃនេះ គឺរំព្ញកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីក្នុងសង្គម។ ស្ត្រីគឺជា កម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិនអាច ខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់តួនាទីស្រ្តី និងក្មេងស្រី ក្នុងការចូលរួមកសាង ថែរក្សាសន្តិភាព និងសន្តិសុខយូរអង្វែង និងស្តារឡើងវិញក្រោយជម្លោះប្រដាប់អាវុធកន្លងមក។ ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរនៃការវិវត្តន៍របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើបន្ទុកពពោះ មើលថែរកូនចៅក្នុងក្រុមគ្រួសារទៀតផង។
លោកបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងការថែរក្សាសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់បំរើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ជាសក្ខីភាព ក្នុងកាលៈទេសៈនៃវិបត្តិដែលបង្កដោយបញ្ហាជម្លោះព្រំដែន រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្តិវិធី និអត់ធ្មត់ ដើម្បីរក្សាសុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព និងជនភៀសសឹកដែលរងគ្រោះ។
ក្នុងទិវាដ៏ប្រពៃនេះ បណ្ឌិត កែរ រដ្ឋា បានជូនវត្ថុអនុស្សាវរីយ៍ដល់នារី ២២នាក់ ម្នាក់ៗ ទទួលហូលបារាំង ១ក្បិន កាហ្វេសុខភាព ១ប្រអប់ និងថវិកា ២ម៉ឺនរៀល។ រីឯថ្នាក់ដឹកនាំភូមិឃុំជាបុរស ២៣នាក់ ម្នាក់ៗទទួលបានកាហ្វេសុខភាព ១ប្រអប់ និងថវិកា ២ម៉ឺនរៀលផងដែរ ។
នៅឱកាសនោះដែរ លោកបណ្ឌិត កែរ រដ្ឋា បានចុះទៅសួរសុខទុក្ខលោកស្រី សួស ល័ក្ខ ជាសមាជិកភូមិ ដែលមានជំងឺរ៊ាំរៃធ្ងន់ធ្ងរ ព្យាបាលនៅផ្ទះ និងបានជូន ហូលបារាំង ១ក្បិន កាហ្វេសុខភាព ១ប្រអប់ និងថវិកា ២០ម៉ឺនរៀល៕






































