មន្ត្រីក្រសួងវប្បធម៌៖ សិល្បៈសិប្បកម្មខ្មែរ ទូទាំងប្រទេស កំពុងតាំងពិព័រណ៍ ៤ថ្ងៃ នៅសាលសន្និសីទចតុម្មុខ

02-03-2026 09:49

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំ «ពិព័រណ៍សិល្បៈសិប្បកម្មខ្មែរ» នៅសាលសន្និសីទចតុម្មុខ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

ការរៀបចំពិព័រណ៍នេះ មិនមែនត្រឹមតែជាការដាក់បង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែមានគោល បំណងសំខាន់ៗ រួមមាន លើកកម្ពស់តម្លៃបេតិកភណ្ឌ តាមរយៈការបង្ហាញពីភាពអស្ចារ្យនៃស្នាដៃឯករបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាមរយៈសិល្បៈសិប្បកម្ម, គាំទ្រសិប្បករក្នុងស្រុក បង្កើតទីផ្សារ និងឱកាសដល់សិប្បករមកពីបណ្តាខេត្តនានា បានជួប ជាមួយអ្នកប្រើប្រាស់ និងវិនិយោគិនផ្ទាល់, ជំរុញចលនា «ទិញផលិតផលខ្មែរ» បណ្តុះស្មារតីឱ្យកូនខ្មែរមានមោទនភាព និងគាំទ្រស្នាដៃដែល ផលិតដោយស្នាមញញឹម និងញើសឈាមរបស់ខ្មែរ រួមចំណែកក្នុងយុទ្ធនាការ «ស្មារតីខ្មែរតែមួយ»។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សិល្បៈសិប្បកម្មនេះ ក្រុមការងារបានខិតខំសម្របសម្រួល និងរៀបចំស្តង់តាំងបង្ហាញស្នាដៃមរតកមនុស្សរស់ មានចំនួន៥រូប ដែលអញ្ជើញចូលរួមតាំងបង្ហាញស្នាដៃ រួមមាន៖

*ព្រឹទ្ធាចារ្យសិល្បៈវឌ្ឍកីទេពនិម្មិត ចាន់ ស៊ឹម ជំនាញចម្លាក់ឈើ ស៊ីម៉ង់ត៍ និងខ្នាតក្បាច់ខ្មែរ
*ព្រឹទ្ធាចារ្យសិល្បៈ ទេពនិម្មិតវិចិត្រ ជេត ចន ជំនាញក្បាច់និងគំនូរបុរាណ
*ព្រឹទ្ធាចារ្យទេពហត្ថកោសល្យ ជា យុទ្ធា ជំនាញចម្លាក់ប្រាក់កំពង់ហ្លួង
*ព្រឹទ្ធាចារ្យទេពសោភ័ណ ម៉ក់ ជាង ជំនាញតម្បាញហូលពិតាន
*ព្រឹទ្ធាចារ្យសិល្បៈចម្មការភិរក្ស ជៀន សុផាន ជំនាញល្ខោនស្រមោលស្បែកធំ។

បើតាមលោក ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ ក្រៅពីស្តង់ស្នាដៃមត៌កមនុស្សរស់ ក្រុមការងារបានររៀបចំឱ្យមានស្តង់បង្ហាញពីស្នាដៃសិស្សជំនាញ វិជ្ជាជីវៈដូនតាចំនួន២០ថ្នាក់, ស្នាដៃប្រឡងប្រជែងក្នុងមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ, ស្នាដៃស្រាវជ្រាវសូត្រ និងការប្រើពណ៌ធម្មជាតិ និងស្តង់សិប្បករអញ្ជើញមកពីបណ្តាសហគមន៍សំខាន់ៗក្នុងរាជធានី-ខេត្តទូទាំង ប្រទេសដូចជា៖

*សហគមន៍ក្រមាត្រុំអង្គរបាន ខេត្តកំពង់ចាម
*សហគមន៍ស្មូនឆ្នាំង ខេត្តកំពត់ឆ្នាំង
*សិប្បកម្មកីខ្មែរ រាជធានីភ្នំពេញ
*សិប្បកម្មមេត្រី រាជធានីភ្នំពេញ
*សិប្បកម្មផ្កាឈូកអង្គរ រាជធានីភ្នំពេញ
*សហគមន៍ Goel community រាជធានីភ្នំពេញ
*សិប្បកម្ម Maya Handicraft ខេត្តកកណ្តាល
*សិប្បកម្មចំប៉ា Apparel Shop ខេត្តសៀមរាប
*សិប្បកម្មត្នោត សាន ពៅ ខេត្តពោធិសាត់
*សិប្បកម្មត្រឡោកដូង ខេត្តបាត់ដំបង
*សិប្បកម្មអនុស្សាតម្បាញ ខេត្តបាត់ដំបង
*សិប្បកម្មវត្តថាន់ រាជធានីភ្នំពេញ។

ក្នុងឱកាសបើកព្រឹត្តិការណ៍នេះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ទិវាវប្បធម៌ជាតិ គឺជាទិវាជាតិដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរស ខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការ បង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែល បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មាន តម្លៃដើម្បីបំផុសនូវមនសិការស្នេហាជាតិ ចូលរួមការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាអត្តសញ្ញាណជាតិ និងជា ប្រភពមិនចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ នៅឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ដែរអស់រយៈពេល១១ឆ្នាំមកហើយ ដែលទិវាវប្បធម៌ជាតិ នៅបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្ប ធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ ជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។

បើតាមលោក ហាប់ ទូច ការរៀបចំពិព័រណ៍សិល្បៈសិប្បកម្មខ្មែរ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបំផុសដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជន ចូលរួមជា កម្លាំងចលករ ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ជាពិសេស នៅចំពេលដែលប្រជា ជនកម្ពុជាយើងគ្រប់ស្រទាប់ ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក និងកំពុងមានសន្ទុះប្រើ ប្រាស់ និងគាំទ្រកាន់តែផុសផុលឡើង៕