អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី នឹងចុះទៅសួរសុខទុក្ខជនភៀសសឹក, សម្តេចតេជោ ចាត់ទុកដំណើរនេះ បង្ហាញនូវជំហរគាំទ្រសន្តិភាព (Video inside)

02-03-2026 13:20

(ភ្នំពេញ)៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិ​នៃក្រុមប្រទេស​និយាយ​​ភាសាបារាំង បានឱ្យដឹងថា លោកស្រី និងគណៈប្រតិភូ នឹងធ្វើដំណើរចុះទៅ​សួរ​សុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែង ព្រោះសង្គ្រាម​នៅតាមព្រំដែនរវាងកម្ពុជា និងថៃ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ជជែក​​ពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០​នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយ​ភាសា​បារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ​២០២៦នេះ។ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និង​គណៈ​ប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកស្រី​អគ្គ​លេខាធិការ បានបង្ហាញពីការតាមដានរបស់លោកស្រីលើបញ្ហាព្រំដែនរវាងកម្ពុជា និង​ថៃផងដែរ។ លោកស្រីអគ្គលេខាធិការ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្នុង​ដំណើរ​មកកម្ពុជានាពេលនេះ លោកស្រីនឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹក ដែលមិន​ទាន់​បានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍​របស់លោក​ស្រី​អគ្គ​លេខាធិការ ជាពិសេសការគ្រោងទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា។ សម្តេច​តេ​ជោ ចាត់ទុកដំណើរទៅសួរសុខទុក្ខជនភៀសសឹក ជាការបង្ហាញច្បាស់នូវជំហរ​របស់​លោក​ស្រី​អគ្គលេខាធិការគាំទ្រដល់សន្តិភាព ហើយមិនចង់ឃើញការកើតឡើង​នូវ​ភ្លើង​សង្គ្រាម។

សូមបញ្ជាក់ថា សង្គ្រាមឈ្លានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដី​កម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។ បើទោះបីការផ្ទុះអាវុធត្រូវបានបញ្ចប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥យ៉ាងណាក្តី រហូតមកដល់ពេលនេះ មានពលរដ្ឋជិត៥ម៉ឺននាក់ទៀត មិនទាន់បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយទេ។ ក្នុងនោះផ្ទះសម្បែងខ្លះ ត្រូវបានកងទ័ពថៃ ដាក់ទូកុងតឺន័រ និងរាយបន្លាលួសបទយកមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ផ្ទះសម្បែងនោះឡើយ៕