ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញក្រុមការងារទាំងអស់ ត្រូវពង្រឹងការតាមដានរាល់ភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស
02-03-2026 14:55
(សៀមរាប)៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុក ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវតាមដានរាល់ សកម្មភាពមិនប្រក្រតីនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ការជំរុញយ៉ាងដូច្នេះរបស់លោកស្រី ម៉ននី រង្សី កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងភាគីពាក់ព័ន្ធចូលរួមផងដែរ។
លោកស្រីក៏បានផ្តល់មតិលើចំណុចគន្លឹះសំខាន់ចំនួន៣ ដល់ក្រុមការងារ រួមមាន៖ ត្រូវមានភាពច្បាស់លាស់ពីទិន្នន័យនៃការបង្ក្រាបបទល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដោយផ្អែកលើប្រព័ន្ធទិន្នន័យជាក់លាក់ ដើម្បីធានាប្រសិទ្ធភាពការងារ។ បន្តចុះអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យយល់ដឹងពីល្បិចកលជនខិលខូច។ ជាពិសេស ត្រូវបង្កើនការធ្វើការងាររួមគ្នារវាងអាជ្ញាធរដែនដី និងអង្គការដៃគូ ដើម្បីផ្តល់សេវាគាំពារផ្នែកច្បាប់ និងស្មារតីដល់ជនរងគ្រោះបានទាន់ពេលវេលា។
លោកស្រីបន្តថា សម្រាប់កិច្ចប្រជុំនាពេលនេះដែរ ជាឱកាសសម្រាប់មន្ទីរជំនាញ និងរដ្ឋបាលក្រុងស្រុក ក្នុងការលើកឡើងនូវបញ្ហាប្រឈមថ្មីៗដែលបានកើតមានឡើង ជាពិសេសពាក់ព័ន្ធនឹងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា និងការអូសទាញពលករឱ្យធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
លោកបន្ថែមថា អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើការពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី និងអង្គការដៃគូ ដើម្បីធានាឱ្យបាននូវការផ្ដល់សេវាគាំពារផ្នែកច្បាប់ និងផ្នែកស្មារតីដល់ជនរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយនៅដែរ លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរក្នុងខែកន្លងមក។ ពិតណាស់កិច្ចខិតខំប្រឹងប្រែងនេះ បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្តសៀមរាប ក្នុងការកសាងសង្គមមួយដែលគ្មានការជួញដូរមនុស្ស និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕













