អង្គការសហប្រជាជាតិ ចង់ឃើញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញរបស់យូអិន (Video inside)
02-03-2026 15:13
(ភ្នំពេញ)៖ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិទាំងឡាយ។
លោកស្រី Vladanka Andreeva បានគូសរំលេចបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបលោកស្រី Vladanka Andreeva អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។
លោកស្រី ក៏បានជម្រាបសម្ដេចមហាបវរធិបតីថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ក្រៅពីបញ្ហាខាងលើនេះ ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចមហាបវរធិបតី និងលោកស្រី Vladanka Andreeva បានពិភាក្សាលើកិច្ចសហប្រតិបត្តិការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិផងដែរ។
ក្នុងជំនួបនេះ លោកស្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជាអំឡុងពេល២០ឆ្នាំក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ។ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានាពេលកន្លងមក។
លោកស្រីក៏បានជម្រាបសម្ដេចមហាបវរធិបតីថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្សជាដើម។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍លោកស្រី ដែលបានមកបំពេញបេសកកម្មការងារជាលើកទី២ នៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការបស់សម្ដេចមហាបវរធិបតី និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី Annalena Baerbock ប្រធានសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាលោក Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី អញ្ជើញបំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប។
សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៕










