រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»
02-03-2026 16:46
(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ និងលោកស្រី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពីធីទិវាអន្តរជាតិ៨មីនា នៅសាលាខេត្តស្ទឹងត្រែង។ នាឆ្នាំនេះ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» បានរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានមន្ទីរកិច្ចការនារីខេត្ត ជាសេនាធិការ។
មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ជាស្រ្តីមកពីឃុំសង្កាត់ទាំង៣៤ រដ្ឋបាលក្រុងស្រុកទាំង៦ កងកំលាំងនគរបាលជាស្រ្តី មកពីស្នងការនគរបាលខេត្ត កំលាំងយោធាជាស្រ្តី កងកំលាំងអាវុធហត្ថខេត្តជាស្រ្តី និងមកពីមន្ទីរកិច្ចការនារី ខេត្តបានទទួលកាដូ ពីលោកអភិបាលខេត្តស្ទឹងត្រែង។
លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងថា ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័ននានានៃកម្ពុជា ក៏ដូចជាមន្ទីរកិច្ចការនារីតាមខេត្ត ក្រុង ជារៀងរាល់ឆ្នាំតែងតែ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តិការណ៍ជា សកល ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសជាទិវាស្តីពីសិទ្ធិស្រី្ត និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧ ដោយទទួលស្គាល់លើស្នាដៃ និងការចូលរួមចំណែកដ៏ចម្បងរបស់ស្រ្តី ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកដាក់ លើការលើកកម្ពស់សមភាពយេនឌ័រ ក្នុងបរិការណ៍សកល។
អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ទិវា ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» គឺជាមូលដ្ឋានគ្រឹះមានតម្លៃនៃសិទ្ធិស្រ្តី ក្មេងស្រី និងសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដែលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច។
ការពារស្រ្តី និងក្មេងស្រី ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការរំលោភបំពានផ្លូវភេទ ការរស់នៅដោយបង្ខំ ការរៀបការវ័យក្មេង ការរៀបការដោយបង្ខំ និងផ្តល់នូវកាលានុវត្តភាព ពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើ សេចក្តីសម្រេចចិត្ត កសាងនិងថែរក្សាសន្តិភាព និងសន្តិសុខទំាងបែបប្រពៃណី និងមិនប្រពៃណី ដែលទំាងនេះ នឹងរួមចំណែកពន្លឿន ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម ដោយគ្មានការរើសអើង ប្រកបដោយបរិយាប័ន្ន។
ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រី្ត និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រី្ត និងក្រុមគ្រួសារ ក៍ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ស្រី្តក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពគ្រួសារនិងសង្គម៕




















