រដ្ឋមន្រ្តីសុខាភិបាល៖ «សាមគ្គីភាពកាន់តែរឹងមាំ ដោយមិនរាថយ នោះយើងនឹងទទួលបានជោគជ័យទាំងអស់គ្នា ក្នុងការបម្រើប្រជាពលរដ្ឋ»

02-03-2026 16:50

(កោះកុង)៖ ថ្លែងក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណោលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «សាមគ្គីភាពកាន់តែរឹងមាំ ដោយមិនរាថយ នោះយើងនឹងទទួលបានជោគជ័យទាំងអស់គ្នា ក្នុងការបម្រើប្រជាពលរដ្ឋ»

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ លើកទឹកចិត្ត និងកោតសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ជាកងទ័ពអាវស ដែលបានខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវខ្ពស់ លះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជនភៀសសឹក និងវីរកងទ័ព នាពេលកន្លងមក។

លោកសាស្ត្រាចារ្យបានថ្លែងបន្តថា «នៅពេលដែលមានបញ្ហា និងការភ័យខ្លាចបានប៉ះពាល់សហគមន៍ដោយការប្រឈមឈ្លានពាន បងប្អូនសហភាតរៈសុខាភិបាលយើងមិនបានរាថយឡើយ ប៉ុន្តែនៅប្រកៀកស្មា ក្នុងការបម្រើសុខភាពទាំងផ្លូវកាយ និងចិត្ត ជូនប្រជាពលរដ្ឋ និងវីរៈកងទព័ដោយការប្តូរផ្តាច់បំផុត»

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យផ្នែកសំខាន់ៗ រួមមាន ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត រក្សាទុកឱសថសារវន្ត ធនធានមនុស្ស និងប្រព័ន្ធការងារ ដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាការបង្កើននូវទំនុកចិត្តជូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ដោយមិនឱ្យនរណាម្នាក់ មិនទទួលបានសេវាថែទាំសុខភាពនោះឡើយ។

សូមជម្រាបថាដំណើរចុះពិនិត្យនាចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និងនៅជិតមន្រ្តីសុខាភិបាលទាំងអស់ ក្នុងការបន្តពង្រឹងគុណភាពសេវាសុខាភិបាល និងការលើកទឹកដល់កងទ័ពអាវស ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ដ៏មានតម្លៃ ក្នុងការការពារ និងលើកកម្ពស់សុខុមាលភាពប្រជាជន៕