ពលរដ្ឋជាច្រើនគ្រួសាររស់នៅបុរីសិរីមង្គល ក្រុងតាខ្មៅ ស្នើថ្នាក់ដឹកនាំដោះស្រាយ រឿងទឹកឡើងថ្លៃជិត២ពាន់រៀល ក្នុងមួយម៉ែត្រគូប (Video inside)

02-03-2026 17:17

(កណ្ដាល)៖ លោក ជា ចំរើន អតីតយុទ្ធជន និងជាអ្នកតំណាងឲ្យពលរដ្ឋទាំងអស់រស់នៅក្នុងបុរីសិរីមង្គល ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្នើសុំទៅកាន់ថ្នាក់ដឹកនាំមេត្តាជួយយោគយល់ ដោះស្រាយទុក្ខលំបាករបស់ពួកគាត់ ក្រោយរដ្ឋាករទឹក បានតម្លៃថ្លៃទឹកពី ៤០០រៀល ទៅដល់ ១៨០០រៀល ក្នុងមួយម៉ែត្រគូប។

លោកថា បងប្អូនពលរដ្ឋទាំងអស់សូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជួយឲ្យបញ្ចុះមកត្រឹម៧៥០រៀលក្នុងមួយម៉ែត្រគូបវិញ ដើម្បីជួយសម្រួលជីវភាពរប​ស់គាត់បន្ថែម។

ពាក់ព័ន្ធនឹងករណីនេះលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា កន្លងមក រដ្ឋបាលក្រុង-ខេត្ត បានហៅពលរដ្ឋមកជួបជុំគ្នាដោះស្រាយ បញ្ហានេះជាច្រើនលើកមកហើយ ជាមួយមន្រ្តីរដ្ឋាករទឹក។

ពេលជួបដោះស្រាយនោះ មន្រ្តីបានពន្យល់ឲ្យពួកគាត់ឲ្យបានដឹងពីការយកចិត្តទុកដាក់រប​ស់អាជ្ញាធរ ដែលកំពុងខិតខំជួយពួកគាត់តប្រព័ន្ធចូលជាមួយខាងរដ្ឋាករស្វយ័តវិញ ដោយសារកន្លងទៅបុរីសិរីមង្គលប្រើទឹកខាងស្រុកស្អាង ដែលជាទឹកមិនសូវស្អាត និងជួយសម្រួលតទឹកជាមួយខាងរដ្ឋាករទឹកតាមការស្នើសុំរបស់ពលរដ្ឋ ទើបខាងខេត្តខិតខំសម្របសម្រួលជាមួយរដ្ឋាករទឹក ភ្ជាប់ទឹកជូនពលរដ្ឋបានសម្រេចដូចបំណង។

អភិបាលក្រុងបន្តថា រីឯការតម្លើងថ្លៃនេះដែរ គឺខាងរដ្ឋាករទឹកទេជាអ្នកសិក្សាមើលទៅលើភាពជាក់ស្ដែងចំពោះការបញ្ជូនទឹកស្អាតមកឲ្យពលរដ្ឋប្រើប្រាស់ មានការប្រើប្រាស់តម្លៃដើមខ្ពស់ជាងធម្មតា ទើបខាងរដ្ឋាករទឹកប្រជុំ សម្រេចតម្លើងថ្លៃបែបនេះ ដែលការតម្លើងនេះទើបអាចទប់រួចការចំណាយផ្សេងៗ ព្រោះទីតាំងបុរីសិរីមង្គលមានចម្ងាយឆ្ងាយ៕