* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា និងអង្គការ OECD ពិភាក្សាការជំរុញអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) និងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស

02-03-2026 17:44

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kate Wilson ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលសម្រាប់អាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើយុទ្ធសាស្ត្រនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) ដែលស្របតាមអាទិភាពគោលនយោបាយបច្ចុប្បន្នរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ជាពិសេស ការជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលជួយលើកកម្ពស់ការប្រកួតប្រជែង ការពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគកម្ពុជា ក៏ដូចជាអនុលោមភាពការងារ ដែលជួយលើកកម្ពស់និរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជាឱ្យស្របតាមគោលការណ៍ OECD និងស្តង់ដារការងារជាមូលដ្ឋានផ្សេងៗទៀត ខណៈកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ទន្ទឹមនឹងនេះ លោកបានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចជា៖ ការលើកកម្ពស់លក្ខខណ្ឌ និងសុវត្ថិភាពការងារ អនុលោមច្បាប់ការងារ ការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យជាលំដាប់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា។ លើសពីនេះ លោកក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការបន្តបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសវិស័យវាយនភណ្ឌ កំណើនវិនិយោគ និងការនាំចេញ និងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាដើម។ ទោះយ៉ាងណា តម្លៃអគ្គិសនីគឺជាការប្រឈមមួយរបស់កម្ពុជា ហើយដើម្បីអនុវត្តតាមតម្រូវការអនុលោមភាព និងតម្រូវការរបស់ម៉ាកអន្តរជាតិ កម្ពុជាក៏ពិចារណាប្រើថាមពលបៃតងតាមរយៈថាមពលព្រះអាទិត្យ និងជីវម៉ាសជាដើម។

លោករដ្ឋមន្រ្តី និងលោកអង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការ OECD បានពិភាក្សាការងារទ្វេភាគីក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិកាអង្គការ OECD នាពេលថ្មីៗនេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ កម្ពុជា និង OECD បានរួមគ្នាផ្សព្វផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអង្គការ OECD ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០១២ និងឆ្នាំ២០២២។ ដោយយោងតាមក្របខណ្ឌគោលនយោបាយសម្រាប់វិនិយោគ (PFI) របស់ OECD នៅឆ្នាំ២០១៨, OECD បានជួយពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានពិនិត្យពីរបៀបដែលការកែលម្អបរិយាកាសវិនិយោគទូទៅ អាចរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើពិពិធកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការពិនិត្យឡើងវិញនេះ ក៏បានពិចារណាបញ្ហាប្រឈម និងឱកាសពីទស្សនៈបរិយាកាសវិនិយោគ ស្របតាមក្របខណ្ឌគោលនយោបាយសម្រាប់ការវិនិយោគ។

ជាការឆ្លើយតប លោកស្រី Kate បានអរគុណ និងសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាក្រសួង ដែលពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះលោកស្រី ដែលអាចធ្វើជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស ដោយលោកស្រីគូសបញ្ជាក់ថា យើងអាចចាប់យកឱកាសដែលមាន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ OECD នឹងគាំទ្របេសកកម្មរបស់ក្រសួង ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក៏ដូចជាពង្រឹងភាពប្រកួតប្រជែង។

ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ដែលបានផ្លាស់ប្តូរទស្សនៈលើវិស័យការងារ និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង និង OECD នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលនឹងរួមចំណែកយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕