អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

02-03-2026 18:14

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប, លោកស្រីអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកស្រីមានក្ដីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការងារ នៅកម្ពុជាជាថ្មីម្ដងទៀត។

លោកស្រីអគ្គលេខាធិការ បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកស្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺដើម្បីពិភាក្សា និងពិនិត្យឡើងវិញ នូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការ នៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្នុងន័យនេះ, លោកស្រី និងគណៈប្រតិភូ បាន វាយតម្លៃខ្ពស់ចំពោះការត្រៀម លក្ខណៈក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ និង បានបញ្ជាក់អំពីការបន្តគាំទ្ររបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកស្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់ សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។

ជាមួយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ, លោកស្រីមានជំនឿជឿជាក់ថា កិច្ចប្រជុំកំពូលនឹងរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសង្ឃឹមថា នឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសជាដៃគូជាច្រើននឹងចូលរួម ដែលនេះនឹងបង្ហាញនូវស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។

ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកស្រី និងគណៈប្រតិភូ ជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបានថ្លែងអំណរគុណ ចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។

បន្ថែមលើនេះ, សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃការប្រព្រឹតិ្តទៅនៃកិច្ចប្រជុំកំពូលនេះ។

មុននឹងបញ្ចប់, សម្ដេចធិបតី បានគូសបញ្ជាក់ជូនលោកស្រីផងដែរថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ អមចំនួនបី រួមមាន៖ (១) វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, (២) ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និង (៣) ពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕