ក្បាលម៉ាស៉ីនយុវជន! ស្មារតីស្នេហាជាតិ មិនមែនបង្ហាញតែពាក្យស្លោកទេ ប៉ុន្តែបង្ហាញតាមសកម្មភាព និងការលះបង់ពិតប្រាកដ
02-03-2026 19:49
(ភ្នំពេញ)៖ លទ្ធផលសន្និបាតរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឯកភាពគ្នាខ្ពស់ថា ស្មារតីស្នេហាជាតិ មិនមែនបង្ហាញតែពាក្យស្លោកទេ ប៉ុន្តែបង្ហាញតាមសកម្មភាព និងការលះបង់ពិតប្រាកដ។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេលពេញ១ថ្ងៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ គឺបានគូសបញ្ជាក់ថា យុវជនគឺជាថាមពលជាតិដ៏មានសក្ដានុពល ដែលអាចធ្វើឱ្យសុបិនក្លាយជាការពិតសម្រាប់អនាគតកម្ពុជា! កម្លាំងសាមគ្គីរបស់យុវជន គឺជាគ្រឹះរឹងមាំបំផុតសម្រាប់ស្ថិរភាព និងវឌ្ឍនភាពជាតិ! និងយុវជនឌីជីថលត្រូវចេះប្រែក្លាយខ្លួនពីអ្នកស្វែងរកការងារ ទៅជាអ្នកបង្កើតការងារ។
នៅក្នុងឱកាសបើកសន្និបាត លោក ស សុខា បានគូសបញ្ជាក់ពីភាពចាំបាច់ដែលយុវជនត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឱ្យឆ្លើយតបនឹងបរិបទឌីជីថល និងសកលភាវូបនីយកម្ម។
ចំណែកក្នុងពិធីបិទសន្និបាតលោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍។
ក្នុងន័យនេះ លោក ហ៊ុន ម៉ានី និងលោក ស សុខា បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។
បើតាមសេចក្ដីប្រកាសព័ត៌មានសន្និបាតដែលរៀបចំឡើងនាថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៦នេះ បានធ្វើឡើងចំខួប៥ឆ្នាំ របស់ ក.យ.គ. ក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក.។ គិតត្រឹមឆ្នាំ២០២៥ ក.យ.គ. សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា រៀបចំរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំ និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សា ពី១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់១៤៥គ្រឹះស្ថាន នៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកជាកម្លាំងប្រតិបត្តិករបានកើនឡើងពី ២.០៤៣នាក់ ដល់ ២.៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុប៣សែននាក់ ផ្សព្វផ្សាយ និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់យុវជនជាច្រើនពាន់កន្លែង៕























