ដំណឹងល្អ! ឥណ្ឌា ប្រកាសផ្តល់អាហារូបករណ៍ជាង ៤០កន្លែង សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅក្នុងប្រទេសឥណ្ឌា
02-03-2026 20:27
(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសបើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា ដែលមានបំណងចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសឥណ្ឌា និងជាឱកាសសិក្សាក្រោមអាហារូបករណ៍ពេញលេញនៅក្នុងប្រទេសឥណ្ឌា។
អាហារូបករណ៍ជាង ៤០កន្លែង ត្រូវបានផ្តល់ជូនសម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្នុងមុខជំនាញដូចជា មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម វិស្វកម្ម បច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន ស្ថាបត្យកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ រដ្ឋបាលពាណិជ្ជកម្ម វិទ្យាសាស្ត្រកោសល្យវិច្ច័យ ការគ្រប់គ្រង កសិកម្ម ការសិក្សាព្រះពុទ្ធសាសនា ទស្សនវិជ្ជា សិល្បៈ និងវប្បធម៌ រួមទាំងរបាំ តន្ត្រី និងយោគៈជាដើម។
ថ្ងៃផុតកំណត់នៃការដាក់ពាក្យគឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា (ឬសមមូល) មានសិទ្ធិដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រ។
ដូចគ្នានេះដែរនិស្សិតដែលមានសញ្ញាបត្របរិញ្ញាបត្រ អាចដាក់ពាក្យសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបេក្ខជនថ្នាក់បណ្ឌិត ត្រូវតែមានសញ្ញាបត្រអនុបណ្ឌិត។ បេក្ខជនត្រូវមានជំនាញភាសាអង់គ្លេស និងមានលិខិតឆ្លងដែនដែលមានសុពលភាព ព្រឹត្តិបត្របញ្ជាក់ និងសញ្ញាបត្រពាក់ព័ន្ធ។ ឯកសារដែលមិនមែនជាភាសាអង់គ្លេស ត្រូវបកប្រែជាភាសាអង់គ្លេសដោយស្ថាប័ន ឬក្រុមហ៊ុនបកប្រែដែលមានការទទួលស្គាល់។
អាហារូបករណ៍នេះមានបំណងបើកឱកាសសម្រាប់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសឥណ្ឌា ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលអប់រំសំខាន់មួយ ទាក់ទាញនិស្សិតអន្តរជាតិមកពីជុំវិញពិភពលោក។ ប្រព័ន្ធអប់រំដ៏រឹងមាំរបស់ឥណ្ឌា ដែលផ្អែកលើភាពចម្រុះនៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប ផ្តល់ជម្រើសសិក្សាជាច្រើនសម្រាប់និស្សិត។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងបច្ចេកវិទ្យាឈានមុខ ការសិក្សានៅឥណ្ឌាផ្តល់ឱកាសទូលំទូលាយ មិនថាវិស័យវិស្វកម្ម កុំព្យូទ័រ សិល្បៈ ទស្សនវិជ្ជា វិទ្យាសាស្ត្រនយោបាយ ឬបុរាណវិទ្យាជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតកម្ពុជាជាច្រើនបានទទួលអាហារូបករណ៍ ICCR ហើយបន្ទាប់ពីត្រឡប់មកវិញ ពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
និស្សិតដែលត្រូវបានជ្រើសរើស នឹងទទួលបានការឧបត្ថម្ភពេញលេញ រួមមាន ថ្លៃសិក្សា ថ្លៃសំបុត្រយន្តហោះទៅ–មក ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃសម្រាប់សៀវភៅ និងកន្លែងស្នាក់នៅក្នុងបរិវេណសាកលវិទ្យាល័យ (ប្រសិនបើមាន)។ អត្ថប្រយោជន៍ទាំងនេះមានគោលបំណងធ្វើឱ្យការសិក្សានៅប្រទេសឥណ្ឌាមានភាពងាយស្រួល និងមានផាសុកភាព។
និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ មុនថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ តាមគេហទំព័រ ICCR A2A៖ https://a2ascholarships.iccr.gov.in
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកអប់រំនៃ Embassy of India, Phnom Penh
ទូរស័ព្ទ៖ ០២៣ ២១០ ៩១២
អ៊ីមែល៖ [email protected]




