រដ្ឋបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តប្រជាពលរដ្ឋ សហគមន៍តំបន់ការពារធម្មជាតិ ក្នុងកិច្ចការពារ ថែរក្សាធនធានធម្មជាតិ ព្រៃឈើឱ្យបានគង់វង្ស

02-03-2026 20:54

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញមកបំភ្លឺពាក់ព័ន្ធការកាប់ឈើធំៗនៅក្នុងឧទ្យានជាតិវឺនសៃសៀមប៉ាង ដើម្បីធ្វើទូកង។ ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Fresh News ចុះទៅថតយករូបភាពឈើធំៗមានឈើគគីរ និងស្រឡៅ ដែលកាប់រំលំនៅក្នុងព្រៃមានចាស់ និងថ្មី និងផ្សាយពាក់ព័ន្ធការកាប់ឈើនេះក្រោមហេតុផលធ្វើទូកង។

តបទៅនឹងការផ្សាយនេះ អ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់ជាអាទិភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច រួមទាំងបទល្មើសធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីផងដែរ។ ចំពោះករណីនៃការកាប់ផ្ដួលរំលំឈើក្នុងគោលដៅធ្វើទូកងខាងលើនេះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបន្ទាន់ដើម្បីចុះពិនិត្យស្រាវជ្រាវ កំណត់អត្តសញ្ញាណច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត ដែលអនុវត្តដោយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន។

ក្រោយការចុះពិនិត្យ និងអនុវត្តវិធានការជាក់ស្តែង បានរកឃើញថាមានឈើមួយចំនួន បានកាប់ផ្ដួលរំលំជាច្រើនឆ្នាំកន្លងមកហើយ និងមានករណីថ្មីៗមួយចំនួនតូចសម្រាប់គោលដៅ យកធ្វើទូកង។ ជាគោលការណ៍រដ្ឋបាលខេត្ត បានចាត់ឱ្យមានការរៀបចំកសាងសំណុំរឿងអនុវត្ត តាមនីតិវិធីច្បាប់ជាធរមានចំពោះការកាប់ផ្ដួលរំលំឈើដោយខុសច្បាប់ និងចំពោះករណីឈើធ្វើ ទូកង ដែលមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងបរិស្ថាន គឺត្រូវមានការពិនិត្យ វាយតម្លៃច្បាស់លាស់។

ទន្ទឹមនឹងការបំភ្លឺលើការកាប់ឈើនេះ រដ្ឋបាលខេត្ត គាំទ្រ និងលើកទឹកចិត្តចំពោះការរួមចំណែករបស់គ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ក្នុងកិច្ចការពារ ថែរក្សាធនធានធម្មជាតិ ព្រៃឈើឱ្យបានគង់វង្សតរៀងទៅ និងចាត់ទុកថាព្រៃឈើគឺជាអាយុជីវិតរបស់មនុស្ស សត្វ។

ក្នុងសេចក្តីបំភ្លឺនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់លើការ ហៅលោក កែវ សន ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរកាពីន ទៅសួរនាំផងដែរ។ រដ្ឋបាលខេត្ត បានបញ្ជាក់ការហៅនោះ ពុំមានការដាក់បន្ទុកណាមួយ និងមានភាពចាំបាច់បញ្ឈប់ភារកិច្ចពីប្រធានសហគមន៍ឡើយ ដោយលើកទឹកចិត្តក្នុងការបំពេញភារកិច្ចក្នុងតួនាទី ជាប្រធានសហគមន៍បានល្អ សម្រាប់ប្រយោជន៍សង្គមជាតិ និងប្រជាជនក្នុងមូលដ្ឋាន៕