រដ្ឋមន្រ្តីសុខាភិបាល៖ «ទោះក្នុងស្ថានភាពណា អាវសគ្រូពេទ្យនៅតែពាក់បំពេញភារកិច្ចចំពោះមុខ មិនរាថយ នឹងនរ រឹងមាំ ប្រកបដោយស្មារតី និងឆន្ទៈខ្ពស់»

03-03-2026 08:08

(ពោធិ៍សាត់)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «ទោះក្នុងស្ថានភាពណា អាវសគ្រូពេទ្យនៅតែពាក់ បំពេញភារកិច្ចចំពោះមុខ មិនរាថយ នឹងនរ រឹងមាំ ប្រកបដោយស្មារតី និងឆន្ទៈខ្ពស់»។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ឧស្យានសំកុះសែនជ័យ (ក្រពើពីរ) ដែលមានការអមដំណើរដោយលោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ នាចុងខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យនូវការបម្រើសេវា របស់មន្រ្តីសុខាភិបាល លើការថែរក្សា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ការថែរក្សាទុកវ៉ាក់សាំង ឱសថ និងបរិក្ខារពេទ្យ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ដល់មន្រ្តីសុខាភិបាល ដែលបានខិតខំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ទោះបីជានៅតំបន់ដាច់ស្រយាលយ៉ាងណា។

បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានខិតខំយកចិត្តទុកខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្មលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងផ្តល់អាទិភាពលើវិស័យសុខាភិបាល៕