ទេសាភិបាលធនាគារជាតិ ផ្ដល់អនុសាសន៍មួយចំនួន ដល់គណៈប្រតិភូជាន់ខ្ពស់ ធនាគារហត្ថា ដើម្បីបន្តរៀបចំរចនាសម្ព័ន្ធ

03-03-2026 12:11

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារហត្ថា ដឹកនាំដោយលោក Kenichi Yamato តំណាងភាគទុនិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

គោលបំណងនៃជំនួបនេះ គឺដើម្បីឱ្យគណៈប្រតិភូ ធនាគារ ហត្ថា បានជម្រាបជូនអំពីវឌ្ឍនភាព នៃប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាផែនការអាជីវកម្មរបស់ធនាគារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការសាខា។

ក្នុងជំនួបនេះ លោក Kenichi បានជម្រាបជូនពីស្ថានភាពប្រតិបត្តិការរបស់ធនាគារ កត្តាប្រឈមមួយចំនួន និងផែនការប្រតិបត្តិការរយៈពេលវែង។ បន្ថែមលើនេះ លោកក៏បានបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការប្រកាន់ខ្ជាប់នូវអនុលោមភាពស្របតាមបទប្បញ្ញាត្តិនានា និងអាទិភាព នៃការគ្រប់គ្រងប្រតិបត្តិការប្រកបដោយចីរភាព។

ជាការឆ្លើយតប លោកស្រីទេសាភិបាល បានផ្តល់អនុសាសន៍មួយចំនួន ទៅលើផែនការដែលបានលើកឡើង និងបានលើកទឹកចិត្ត បន្តរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារផងដែរ។

លោកស្រីបណ្ឌិត ជា សិរី ក៏បានបញ្ជាក់អំពីសារៈសំខាន់ នៃការរក្សាបានបណ្តាញសាខា និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ផែនការ នៃការធ្វើប្រតិបត្តិការរបស់ធនាគារ ស្របពេលដែលគ្រឹះស្ថាន កំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា។

ធនាគារ ហត្ថា បន្តប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព តម្លាភាព និងចីរភាព ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕