ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

03-03-2026 12:33

(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយាលោកស្រី ហេង ស្រីមាន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដោយមានការចូលរួមពីលោក-លោកស្រី និងភរិយាស្នងការរង នាយការិយាល័យ និងមន្ត្រីនគរបាលនារីសរុបចំនួន ២២៥នាក់។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ចិន នី បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីទទួលបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពផ្លូវកាយផ្លូវចិត្តពេញលេញ ក្នុងសង្គមសន្តិភាព។

លោកឧត្តមសេនីយ៍ទោ ចិន នី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីនគរបាលនារីទាំងអស់ ដែលជា «ដៃគូមិនអាចខ្វះបាន» ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រី ជូនដល់មន្ត្រីនគរបាលនារីម្នាក់ៗទទួលបាន សំពត់ហូល១ និងថវិកា ៥០,០០០ រៀលផងដែរ៕