ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប នាំយកអំណោយសប្បុរសជន ម៉ាឡេស៊ី ចុះចែកជូនពលរដ្ឋ ៨០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ក្នុងឱកាសខែបួសរ៉ាម៉ាឌន
03-03-2026 15:04
(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយសហការី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារពីសប្បុរសជននៅប្រទេសម៉ាឡេស៊ី ដើម្បីចែកជូនដល់បងប្អូនសាសនិកឥស្លាមចំនួន ៨០គ្រួសារ ដែលកំពុងរស់នៅ និងប្រកបមុខរបរលើផ្ទះបណ្តែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ក្នុងឱកាសខែបួសរ៉ាម៉ាឌននេះ។
ក្នុងឱកាសនោះ លោក អែល សៀត មានលើកឡើងថា ការចែករំលែកអាហារក្នុងខែរ៉ាម៉ាឌន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយ នៅក្នុងសាសនាឥស្លាម ហើយវាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពដែលមានគុណតម្លៃខ្ពង់ខ្ពស់ផ្នែកវិញ្ញាណ និងសង្គម តាមរយៈការចែករំលែកជួយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ បង្ហាញពីស្មារតីយើងសុទ្ធតែជាបងប្អូនគ្នា។
លោកបានបន្តថា ចំពោះការចែករំលែកនេះដែរ គឺជាការបង្ហាញការដឹងគុណចំពោះព្រះជាម្ចាស់ ហើយសាសនិកឥស្លាមជឿជាក់ថា ការកាន់តែចែករំលែក នឹងកាន់តែទទួលបានសិរីសួស្តីដល់ជីវិត និងមុខរបរផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្ត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយពីប្រទេសម៉ាឡេស៊ី ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌នៅកម្ពុជា។ ពិតណាស់ អំណោយទាំងនេះមិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃសាមគ្គីភាព និងភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។
លោក អែល សៀត បញ្ជាក់ថា សកម្មភាពនេះ ក៏ជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងផងដែរ៕













