Fresh Exclusive: សន្តិភាពតាមរយៈកម្លាំង ឬ កម្លាំងបំផ្លាញសន្តិភាព? (Video inside)
03-03-2026 16:44
(ភ្នំពេញ)៖ គម្រោង «ស្ថាបនាសន្តិភាព» មួយតាមរយៈក្រុមប្រឹក្សាសន្តិភាព BoP បានប្រកាសថាការប្រមូលបានថវិកាច្រើនពាន់លានដុល្លារសម្រាប់ស្តារតំបន់ហ្គាហ្សា។ ប៉ុន្តែក្នុងក្រសែភ្នែកសហរដ្ឋអាមេរិក និង អ៊ីស្រាអែលសត្រូវដ៏ធំមួយរបស់គម្រោងនោះ គឹអ៊ីរ៉ង់។ ៩ថ្ងៃបន្ទាប់មក ប្រទេសអ៊ីរ៉ង់ បានរងការវាយប្រហារ និងមេដឹកនាំកំពូលរបស់ប្រទេសនេះ ត្រូវបានគេសម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាស។ សំណួរនៅពេលនេះ គឺថា «តើការបំបាក់សត្រូវ ដើម្បីសាងសង់សន្តិភាព អាចបម្លែងអំពើរបស់ខ្លួនទៅជាការបំផ្លាញសន្តិភាពវិញដែរឬទេ?»
Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅពេលគម្រោង «ស្ថាបនាសន្តិភាព» មួយតាមរយៈក្រុមប្រឹក្សាសន្តិភាព BoP ទើបប្រកាសថាប្រមូលបានថវិកាច្រើនពាន់លានដុល្លារ សម្រាប់ស្តារតំបន់ហ្គាហ្សា ប្រទេសមួយដែលត្រូវបានមើលឃើញថាជា «ឧបសគ្គធំបំផុត» ចំពោះស្ថាបត្យកម្មសន្តិភាពថ្មីនេះ គឺប្រទេសអ៊ីរ៉ង់។
ប្រមាណ៩ថ្ងៃបន្ទាប់ពីពិធីសម្ពោធ BoP នោះ អ៊ីរ៉ង់បានរងការវាយប្រហារតាមផ្លូវអាកាស ហើយមេដឹកនាំកំពូលរបស់ប្រទេសនេះ ត្រូវបានសម្លាប់។
សំណួរដែលធ្ងន់ជាងគ្រាប់បែកទម្លាក់ទៀតនោះ គឺមិនមែនថា «អ្នកណាឈ្នះនៅលើសមរភូមិ?» ទេ ប៉ុន្តែថា តើការបំបាក់សត្រូវ ដើម្បីសាងសង់សន្តិភាព អាចបម្លែងអំពើរបស់ខ្លួនទៅជាការបំផ្លាញសន្តិភាពវិញដែរឬទេ?
នៅក្នុងចំណុចនេះ សន្តិភាព និងកម្លាំង កំពុងឈរប្រឈមមុខគ្នា មិនមែនត្រឹមតែជាគោលនយោបាយ ប៉ុន្តែជាជម្រើសយុទ្ធសាស្ត្រ ដែលអាចកំណត់អនាគតមជ្ឈិមបូព៌ាទាំងមូល។
*សន្តិភាព តាមរយៈកម្លាំង
បើផ្អែកតាមមូលដ្ឋានសន្តិសុខរបស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន អ៊ីរ៉ង់ត្រូវបានចាត់ទុកថាជា «កម្លាំងរំខានយុទ្ធសាស្ត្រ» ក្នុងតំបន់មជ្ឈិមបូព៌ា ទាំងតាមរយៈបណ្តាញសម្ព័ន្ធក្នុងតំបន់ និងសមត្ថភាពយោធា ដែលអាចបង្កអស្ថិរភាពក្នុងតំបន់។ ក្នុងការគិតបែបនេះ អ៊ីរ៉ង់មិនមែនត្រឹមជាគូប្រជែងនយោបាយទេ ប៉ុន្តែជាអង្គធាតុ ដែលអាចរារាំងស្ថាបត្យកម្មសន្តិភាពថ្មីមួយនៅតំបន់ហ្គាហ្សា។
ក្នុងទស្សនៈនេះ ការកាត់បន្ថយឥទ្ធិពលអ៊ីរ៉ង់ មុនការស្តារហ្គាហ្សាដើម្បីមានសន្តិភាពឡើងវិញ បាន អាចត្រូវគេយល់ថាជា «ការរៀបចំបរិយាកាសសន្តិសុខជាមុន» ដើម្បីធានាថាគម្រោង ក្រុមប្រឹក្សាសន្តិសុខ BoP អាចដំណើរការដោយគ្មានការរំខានពីសម្ពាធយោធា ឬសកម្មភាពប្រូកស៊ីProxy។
តាមតក្កវិជ្ជានេះ សន្តិភាពមិនមកពីការអំពាវនាវ ឬពាក្យសម្តីតែប៉ុណ្ណោះទេ។ វាត្រូវការកម្លាំងទប់ស្កាត់ (deterrence) ដ៏មានប្រសិទ្ធភាពកម្លាំងដែលអាចផ្ញើសារច្បាស់ថា អ្នកណាដែលព្យាយាមរំខានការកសាងសន្តិភាព នឹងត្រូវបង់ថ្លៃខ្ពស់។
សម្រាប់អ្នកគាំទ្រយុទ្ធសាស្ត្រនេះ កម្លាំងមិនមែនជាគោលដៅទេ ប៉ុន្តែជាឧបករណ៍ ដើម្បីបង្កើតលក្ខខណ្ឌសន្តិភាព។
*បន្ទាត់ក្រហម និងចម្លើយសងសឹក
ប៉ុន្តែពីទស្សនៈរបស់អ៊ីរ៉ង់ ការសម្លាប់មេដឹកនាំកំពូល មិនមែនជាការវាយប្រហារលើមនុស្សតែម្នាក់ទេ។ វាត្រូវបានយល់ថា ជាការឆ្លងកាត់ «បន្ទាត់ក្រហម» ដែលប៉ះពាល់ដោយផ្ទាល់ដល់អធិបតេយ្យភាពរដ្ឋ សេចក្តីស្របច្បាប់នៃប្រព័ន្ធដឹកនាំ និងសញ្ញាសាសនា ដែលមានន័យជាប្រវត្តិសាស្ត្រ។ ក្នុងបរិបទនេះ ការមិនឆ្លើយតបវិញ គឺស្មើនឹងការបាត់បង់កិត្យានុភាព និងភាពស្របច្បាប់នៅខាងក្នុងប្រទេស។ ដូច្នេះការសងសឹកក្លាយជាចម្លើយដែលជៀសមិនរួច មិនត្រឹមជាសកម្មភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែជាសារនយោបាយទៅកាន់ទាំងប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្តបន្ទាប់មកនេះ អ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្ត បានធ្វើការវាយប្រហារទៅលើអ៊ីស្រាអែល និងលើមូលដ្ឋានកងទ័ពអាមេរិក នៅតំបន់ឈូងសមុទ្រ។ សកម្មភាពទាំងនេះ បញ្ជាក់ថា ការឆ្លងកាត់បន្ទាត់ក្រហម មិនបញ្ចប់ដោយការវាយតែមួយលើកទេ ប៉ុន្តែអាចបើកទ្វារទៅរកជុំសងសឹកជាបន្តបន្ទាប់ដែលពិបាកគ្រប់គ្រង។
មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានប្រាប់ទូរទស្សន៍ CNN ពីទីក្រុងតេហេរ៉ង់ថា អ៊ីរ៉ង់ «គ្មានជម្រើសណាផ្សេងទេ ក្រៅពីការការពារខ្លួនប្រឆាំងនឹងសង្គ្រាមដ៏អយុត្តិធម៌នេះឡើយ»។ សេចក្តីថ្លែងការណ៍នេះ បង្ហាញថា តេហេរ៉ង់កំពុងស្ថិតក្នុងស្ថានភាពដែលការឆ្លើយតបត្រូវបានពិចារណាថា ជាកាតព្វកិច្ចជាតិសាសនា និងជាតិនយោបាយ។ ការសងសឹកកំពុងបម្លែងវិបត្តិនៃចំណុចនេះ មកជាវិបត្តិភូមិសាស្ត្រនយោបាយតំបន់។ ហានិភ័យនៃការពង្រីកសង្គ្រាម កំពុងកើនឡើង ពេលដែលភាគីទាំងពីរបន្តសាកល្បង «ដែនកំណត់» របស់គ្នា និងមិនទាន់អាចគណនាថា តើគេគួរបញ្ឈប់វានៅពេលណាបានឡើយ។
នៅទីនេះ គម្រោងសន្តិភាព និងភ្លើងសង្គ្រាម មិនមែនដើរតាមផ្លូវខុសគ្នាទេវាកំពុងឆ្លងកាត់គ្នា។ សន្តិភាព ដែលត្រូវការបរិយាកាសស្ថិរភាព និងការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់ កំពុងត្រូវសាកល្បងដោយភ្លើងនៃការសងសឹកហើយនាពេលនេះ។
*ស្ថាបត្យកម្មសន្តិភាព ឈរលើដីអ្វី?
សំណួរសំខាន់ពេលនេះ មិនមែនត្រឹមតែថា តើគេអាចស្តារតំបន់ហ្គាហ្សាបានដែរឬយ៉ាងណាឡើយ ប៉ុន្តែថា ស្ថាបត្យកម្មសន្តិភាព ដែលកំពុងត្រូវសាងសង់ នឹងឈរលើមូលដ្ឋានអ្វី។
ប្រសិនបើភ្លើងសង្គ្រាមអាចរលត់ក្នុងរយៈពេលខ្លី ហើយការវាយតប ត្រូវបានគ្រប់គ្រងឱ្យនៅក្នុងដែនកំណត់ ស្ថានភាពសន្តិសុខអាចមានស្ថិរភាពគ្រប់គ្រាន់ ដើម្បីឲ្យគម្រោងស្តារហ្គាហ្សាបន្តដំណើរទៅមុខ។ ក្នុងសេណារីយ៉ូនេះ សន្តិភាពតាមរយៈការទប់ស្កាត់រារាំង “peace through deterrence” អាចបង្កើតលក្ខខណ្ឌអប្បបរមា សម្រាប់ការស្តារឡើងវិញ។
ប៉ុន្តែប្រសិនបើការវាយតបតាមលំដាប់លំដោយ ប្រែក្លាយជាសង្គ្រាមប្រូកស៊ី យូរអង្វែង ឬឈានទៅរកការបិទច្រកសមុទ្រដែលជាយុទ្ធសាស្ត្រសំខាន់ៗ នោះ សមីការនឹងផ្លាស់ប្តូរទាំងស្រុង។ ថវិកាពាន់លានដុល្លារ ដែលគ្រោងសម្រាប់សំណង់ សេវាសង្គម និងសេដ្ឋកិច្ច អាចត្រូវបង្វែរទៅជាថវិកាសន្តិសុខ ការពារ និងគ្រប់គ្រងហានិភ័យវិញ។ នៅពេលនោះ សន្តិភាពដែលគេប្រាថ្នា មិនមែនជាសន្តិភាពដោយការយល់ព្រម និងស្ថិរភាពយូរអង្វែងទៀតទេ ប៉ុន្តែជាសន្តិភាពក្រោមសម្ពាធបង្ខិតបបង្ខំ peace under coercion ដែលមានគ្រោងរឹងមាំខាងក្រៅ ប៉ុន្តែខ្សោយខាងក្នុង និងងាយរលាយនភពេលមានការប៉ះទង្គិចថ្មី។
សន្តិភាពមិនអាចឈរលើកម្លាំងតែមួយបានទេ។ ប្រសិនបើមូលដ្ឋានសន្តិភាព គឺការបង្ខិតបង្ខំ ដោយគ្មានការទូត និងការប្រកបដោយភាពស្របច្បាប់អន្តរជាតិ នោះវានឹងក្លាយជាសំណង់ដែលមើលទៅរឹងមាំ ប៉ុន្តែជាសំណង់នៅលើដីខ្សាច់ឆាប់រលាយវិញតែប៉ុណ្ណោះ។
*ចំណុចបំបែក
សេណារីយ៉ូនេះ បង្ហាញពីចំណុចបំបែកដ៏សំខាន់មួយ ក្នុងភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា ចំណុចដែលអនាគតតំបន់ អាចផ្លាស់ប្តូរទិសដៅ។ ប្រសិនបើកម្លាំងទប់ស្កាត់ (deterrence) អាចបង្កើតការគណនាថ្លៃប៉ះពាល់ខ្ពស់គ្រប់គ្រាន់ ដើម្បីធ្វើឲ្យភាគីរំខានស្ទាក់ស្ទើរ នោះគោលនយោបាយសន្តិភាពតាមរយៈកម្លាំង “peace through force” អាចបង្កើតលក្ខខណ្ឌសន្តិសុខក្នុងកម្រិតអប្បបរមាតែប៉ុណ្ណោះ សម្រាប់ការស្តារនិងស្ថិរភាព។
ប៉ុន្តែប្រសិនបើការឆ្លងកាត់បន្ទាត់ក្រហម បង្កើតជុំសងសឹក ដែលមិនអាចគ្រប់គ្រងបាន ហើយការវាយតបសងសឹក ត្រូវបន្តក្នុងរយៈពេលយូរវិញនោះ កម្លាំងដែលត្រូវបានប្រើដើម្បីការពារសន្តិភាព នឹងបម្លែងទៅជាកម្លាំងបំផ្លាញសន្តិភាពវិញ។
សង្គ្រាមដែលផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ាពេលនេះ មិនមែនជាការប្រកួតប្រជែងអំពីអំណាចតែប៉ុណ្ណោះទេ វាជាការប្រកួតប្រជែងអំពីសមត្ថភាពនៃអំណាចគ្រប់គ្រងក្នុងតំបន់ផងដែរ។ប្រសិនបើការធ្វើសង្គ្រាមដែលគ្មានការគណនាទុកជាមុន និងគ្មានយុទ្ធសាស្ត្រច្រកចេញផ្លូវទូតដើម្បីគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់នោះទេ សន្តិភាពដែលគេប្រាថ្នា អាចក្លាយជាគ្រោងស្ថាបត្យកម្មដែលរលំ មុនពេលសំណង់ ត្រូវបានបញ្ចប់។
សេចក្តីសន្និដ្ឋាន
ក្រុមប្រឹក្សាសន្តិភាព BoP អាចមានចេតនាស្ថាបនាសន្តិភាពដ៏ពិតប្រាកដ ហើយការស្តារហ្គាហ្សា អាចជាជំហានដ៏សំខាន់មួយក្នុងការបំបាត់ជម្លោះយូរអង្វែង។ ប៉ុន្តែសន្តិភាព មិនអាចឈរលើកម្លាំងតែមួយបានឡើយ។ កម្លាំងអាចបង្កការទប់ស្កាត់ អាចបង្កការភ័យខ្លាច និងអាចបង្កើតលក្ខខណ្ឌសន្តិសុខក្នុងរយៈពេលខ្លី។ ប៉ុន្តែសន្តិភាពយូរអង្វែង ត្រូវការច្រើនជាងនេះ។ វាត្រូវការផ្លូវការទូត ដែលអាចបើកច្រកចេញពីវិបត្តិ ត្រូវការស្ថាបត្យកម្មសន្តិសុខចម្រុះដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងត្រូវការការគ្រប់គ្រងអារម្មណ៍សងសឹក ដែលអាចបំផ្លាញស្ថិរភាពពីខាងក្នុង។
បើគ្មានច្រកចេញនៃការទូត និងបើគ្មានយុទ្ធសាស្ត្រគ្រប់គ្រងការកើនឡើងយ៉ាងម៉ត់ចត់នោះទេ ដុំភ្លើងដែលគេចង់ប្រើដើម្បីចំអិនសន្តិភាព អាចក្លាយជាដុំភ្លើងដុតឆេះសន្តិភាពវិញតែប៉ុណ្ណោះ។ នៅទីបញ្ចប់ សំណួរមិនមែនថា តើការប្រើកម្លាំងអាចឈ្នះបានសន្តិភាពឬយ៉ាងណានោះទេ ប៉ុន្តែថាតើកម្លាំងអាចគ្រប់គ្រងសន្តិភាពបានដល់កម្រិតណា ដើម្បីកុំឲ្យវាបំផ្លាញអ្វី ដែលខ្លួនឯងនិយាយថា «ចង់ការពារសន្តិភាព» នោះ៕


























