ប្រធានមន្ទីរសង្គមកិច្ចខេត្តព្រះវិហារ កោតសរសើរជនពិការទាំងអស់ក្នុងខេត្ត ទោះលំបាកយ៉ាងណាក៏មិនដើរសុំទានគេដែរ

03-03-2026 17:18

(ព្រះវិហារ)៖ លោក រស់ សុផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ បានថ្លែងកោតសរសើរបងប្អូនជនពិការទាំងអស់ក្នុងខេត្ត ទោះលំបាកយ៉ាងណាក៏មិនដើរសុំទានគេដែរ ផ្ទុយទៅវិញបានខិតខំ ធ្វើការងារតាមលទ្ធភាពរៀងៗខ្លួន ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

ការថ្លែងលើកឡើងរបស់លោកប្រធានមន្ទីរសង្គមកិច្ចខេត្តព្រះវិហារ ក្នុងឱកាសដែលលោកចូលរួមចែកអំណោយសង្គ្រោះបន្ទាន់ ជូនគ្រួសារជនមានពិការភាពផ្លាស់ទីលំនៅ ចំនួន៧០គ្រួសារ នៅមណ្ឌលភៀសសឹកវត្តបាក់កាំ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដែលចំឡើងដោយអង្គការបណ្តាញយុវជនមានពិការភាព(DYNO)។

លោក រស់ សុផា ថ្លែងបញ្ជាក់ថា បងប្អូនជនពិការដែលមានដើមកំណើតនៅខេត្តព្រះវិហារ ទោះមានជីវភាពលំបាកយ៉ាងណា ក៏មិនទៅសុំទានគេដែរ ដោយខិតខំធ្វើការតាមលទ្ធភាព និងជំនាញរៀងៗខ្លួន ជួយផ្គត់ផ្គង់ជីវភាព គ្រួសារ។ លោកថ្លែងលើកទឹកចិត្តបងប្អូនមានពិការភាពសូមកុំអស់សង្ឃឹម ផ្ទុយទៅវិញត្រូវខិតខំរៀនសូត្រ ចំណេះ ជំនាញ បន្ថែមទៀត ស្របតាមការជឿនលឿននៃបច្ចេកវិទ្យាសព្វថ្ងៃ ដែលមានក្នុងដៃរបស់បងប្អូន តាមរយៈបណ្តាញសង្គមផ្សេងៗ។

ដោយឡែកលោក សុខ មុន្នីរិទ្ធ អភិបាលស្តីទីស្រុកត្បែងមានជ័យ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ងិន សៅរ័ត្ន ប្រធានប្រតិបត្តិអង្គការ(DYNO) ព្រមទាងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត រៀបចំព្រឹត្តិការមនុស្សធម៌ កាលពីពេលថ្មីៗនេះ ដើម្បីកៀរគរជំនួយជួយដល់បងប្អូនមានពិការភាពដែលផ្លាស់ទីលំនៅ។សកម្មភាពនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា «ជនមានពិការភាពមិនត្រឹមតែ ជាអ្នករង់ចាំជំនួយប៉ុណ្ណោះទេ តែពួកគេគឺជា អ្នកផ្តល់ឱ្យ និងជាកម្លាំងចលករដ៍សំខាន់ក្នុងការជួយសង្គមជាតិផងដែរ»។

ដោយឡែកលោក ងិន សៅរ័ត្ន ថ្លែងថា ក្នុងនាមអង្គការបណ្តាញយុវជនមានពិការភាព (DYNO) មានក្តីរំភើប នឹងក្តុកក្តួលជាខ្លាំង ដែលបាន DYNO ត្រូវមកសួរសុខទុក្ខបងប្អូនដោយផ្ទាល់នាពេលនេះ។ DYNO បានបង្កើតឡើងដោយ យុវជនមានពិការភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីជឿជាក់ថា «សន្តិភាព គឺជា គ្រឹះនៃការអភិវឌ្ឍ»។ យើងខ្ញុំតែងតែជឿជាក់ និងគាំទ្រ យ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចទាំងទ្វេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ។

លោកថ្លែងទៀតថា សង្គ្រាម និងជម្លោះបានបង្កផលវិបាក ជាច្រើនជាពិសេសសម្រាប់បងប្អូនមានពិការភាព។ ក្នុងស្ថានភាពផ្លាស់ទីលំនៅ បងប្អូនត្រូវប្រឈមនឹងការលំបាក ទ្វេដង ឬបីដងលើសពីមនុស្សទូទៅ ទាំងការហូបចុក កង្វះទឹក ស្អាត កូនៗមិនបានរៀនសូត្រ ការបាត់បង់ចំណូល និងកន្លែង ស្នាក់នៅ។ យើងមិនចង់បានសង្គ្រាមទេ! យើងចង់រស់នៅ ដោយសេរី ចង់ធ្វើដំណើរដោយសេរី និងចង់ឱ្យភាគីថៃ គោរពសិទ្ធិជនមានពិការភាព ព្រមទាំងបញ្ឈប់ការប្រើប្រាស់ គ្រាប់បែកចង្កោម និងផ្សែងពុលដែលប៉ះពាល់ដល់សុខភាព មនុស្សជាតិ។

លោក ងិន សៅរ័ត្ន ថ្លែងទៀតថា រាជរដ្ឋាភិបាលយើងតែងតែយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាពបងប្អូន តាមរយៈការផ្តល់សច្ចាប័នលើ អនុសញ្ញា UNCRPD, ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព (NDSP), និងការកំណត់កូតាការងារ (២% ក្នុងវិស័យរដ្ឋ និង ១% ក្នុងវិស័យឯកជន)។ បច្ចុប្បន្ន រដ្ឋបានផ្តល់ប័ណ្ណសម្គាល់ពិការភាព និងប័ណ្ណក្រីក្រ ដែល បងប្អូនទទួលបានថវិកាឧបត្ថម្ភប្រមាណ ៤០,០០០ រៀលក្នុងមួយខែ។

លោកសង្កត់ធ្ងន់ថា ទោះបីជាការចូលរួមពីសប្បុរសជន វិស័យឯកជន និងបណ្តាសាកលវិទ្យាល័យខ្លះមានទំហំតូចក្តី ធំក្តី ប៉ុន្តែវាគឺជា សក្ខីភាពដែលបង្ហាញពីស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយ ខ្មែរ» យ៉ាងពិតប្រាកដ។ ជំនួយដែលយើងនាំមកថ្ងៃនេះ ចេញពីទឹកចិត្តបរិសុទ្ធដែលចង់ឃើញបងប្អូនមានស្នាមញញឹម រួមមាន៖ អង្គរ ២៥គីឡូក្រោម, ទឹកស៊ីអ៊ីវ, មី និងត្រីខ ផងដែរ៕