ក្រសួងបរិស្ថានពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅខេត្តស្ទឹងត្រែង

03-03-2026 20:40

(ស្ទឹងត្រែង)៖ នារសៀសថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ និងមានកិច្ចសហការជាមួយមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានចុះបញ្រ្ជាបចំណេះដឹង លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ និងធ្វេីការត្រួតពិនិត្យគុណភាពខ្យល់ដោយប្រើរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ កងកម្លាំង តំណាងក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ២៣៥៣នាក់។

នៅក្នុងកម្មវិធីនេះ លោក ខ្វៃ អាទិត្យា បានជម្រាបជូនអំពីស្ថានភាពគុណភាពខ្យល់ ការតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ការដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត។

លើសពីនេះ អនុរដ្ឋលេខាធិការក៏បានផ្សព្វផ្សាយ និងអំពាវនាវដល់អ្នកចូលរួមកម្មវិធី ជាពិសេសសិស្សានុសិស្ស ចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តអំពីវិធានការការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដូចមានការណែនាំតាមរយៈសារាចរលេខ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ជាពិសេសចូលរួមទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យ គុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត។

ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៥៩ទីតាំង។ លើសពីក្រសួងបានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ ចល័តទូទាំងប្រទេស។ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យមក្នុងរយៈពេក២៤ម៉ោង ទាបជាងស្តង់ដាជាតិ គឺតូចជាង ៥០µg/m3។

កន្លងមក ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង ២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើង ការបំពុលបរិយាកាស។

ក្រសួងបរិស្ថាន បាននែនាំឱ្យពង្រឹងការទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់»។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យសម្អាតធូលី និងធ្វើអនាម័យតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានផ្សព្វផ្សាយ និងជំរុញឱ្យបន្តការអនុវត្តយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការ« ផ្លូវជាតិ គ្មានសំរាមនិងសំណល់បកលាស្ទិក» ដើម្បីលើកកម្ពស់គុណភាព និងសោភ័ណភាពបរិស្ថាន៕