ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ! ម្ចាស់ជីសរីរាង្គ «ពន្លឺកសិករ» ចុះ MoU ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីកែច្នៃរុក្ខជាតិធម្មជាតិកាត់បន្ថយការប្រើប្រាស់សារធាតុគីមី

03-03-2026 21:26

(ភ្នំពេញ)៖ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រាស ប៊ុត សុធី បាត់ដំបង (BSB) ស្តីពីតម្រូវការ និងការផ្គត់ផ្គង់ជីសរីរាង្គ «ពន្លឺកសិករ» ដែលមានអាស័យដ្ឋាននៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល CACA និងចុះហត្ថលេខាដោយលោក ប៊ុត សុធី ម្ចាស់សិប្បកម្មផលិតជីសរីរាង្គម៉ាក «ពន្លឺកសិករ» និងលោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) និងមានភ្ញៀវកិត្តិយសចូលរួមផងដែរ។

លោក ប៊ុត សុធី បានថ្លែងថា សិប្បកម្មរបស់លោកកកើតដោយស្នាដៃកូនខ្មែរយ៉ាងពិតប្រាកដដោយគ្មានអ្នកបរទេស ហើយសិប្បកម្មមួយនេះកើតឡើងដោយការតស៊ូដួលក្រោក ដួលក្រោក រហូតដល់សិប្បកម្មមួយនេះបានងើបឈរដើរបានដោយខ្លួនឯង ហើយបាននិងកំពុងទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋពិសេសប្រជាកសិករ ម្ចាស់ចំការនានាយកទៅប្រើប្រាស់ដោយចំណាយតិចទទួលបានទិន្នផលខ្ពស់។

លោក ប៊ុត សុធី បានបន្ថែមថា ជីសរីរាង្គ «ពន្លឺកសិករ» នេះគឺធ្វើឡើងដោយប្រើប្រាស់ឱ្យអស់លទ្ធភាពកែច្នៃពីរុក្ខជាតិ ធម្មជាតិនានាដោយបានកាត់បន្ថយបានជាអតិបរមានៃការប្រើប្រាស់សារធាតុគីមី គឺធ្វើយ៉ាងណាឱ្យជីនេះមានតម្លៃទាប មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ កែច្នៃគុណភាពដី អាចលើកកម្ពស់បាននូវជីវភាពរបស់អ្នកប្រើប្រាស់ជី។

ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងនូវការកោតសរសើរ នៅការតស៊ូ អត់ធ្មត់ ប្រែក្លាយពីគំនិតច្នៃប្រឌិត ទៅជាបច្ចេកទេសផលិតបានជីដោយដៃកូនខ្មែរផ្ទាល់ ចូលរួមចំណែកលើកកម្ពស់ទិន្នផលកសិកម្ម ដូចនេះ យើងត្រូវតែរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ខ្មែរក៏ដូចជាជីវភាពរបស់បងប្អូនខ្មែរយើង៕