ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធគំនូរ «សិល្បៈដើម្បីសន្តិភាព» ដែលបង្ហាញពីសោកនាដកម្មនៅព្រំដែន
03-03-2026 22:13
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» នៅបរិវេណសួនច្បារមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃ ព្រះសង្ឃ យាយជី តាជី តំណាងរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រធានគម្រោង ដៃគូឧបត្ថម្ភ វិចិត្រករ សិល្បករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
លោក តាន់ គីមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានថ្លែងរបាយការណ៍សង្ខេបអំពីដំណើរការគូគំនូរក្រោមទឹកដៃ និងទឹកចិត្តអំណត់ព្យាយាម រួមទាំងការទទួលខុសត្រូវខ្ពស់របស់បងប្អូនវិចិត្រករ ដែលបង្ហាញពីស្នាមចិត្ត ស្នាមគំនិត និងស្នាមប្រវត្តិសាស្ត្ររបស់កម្ពុជាមកបកស្រាយលើផ្ទាំងតែមួយ។ លោក តាន់ គីមសួរ បានបន្ថែមថា ផ្ទាំងគំនូរនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ តែជាកម្មសិទ្ធិរបស់ប្រជាជនខ្មែរទាំងអស់។
នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណ និងកោតសរសើរដល់វិចិត្រករ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានប្រើប្រាស់អស់សមត្ថភាព និងទេពកោសល្យ ដើម្បីគូរផ្ទាំងគំនូប្រកបដោយអត្ថន័យនេះ បង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិបានយល់ច្បាស់ពីផលលំបាកដែលបង្កឡើងដោយយោធាថៃ ព្រមទាំងបានបង្ហាញពីការរួបរួម និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។
លោកបានបន្តថា ផ្ទាំងគំនូរនេះ មិនត្រឹមជាការកត់ត្រានូវស្លាកស្នាមឈឺចាប់របស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែជាការដាំដុះផ្នត់គំនិតស្នេហាជាតិ ការស្រលាញ់ចែករំលែកក្នុងចំណោមប្រជាជាតិខ្មែរ ព្រមទាំងជាការដាស់តឿនឱ្យប្រជាពលរដ្ឋគ្រប់រូបប្រកាន់ខ្ជាប់ស្មារតីស្រលាញ់សន្តិភាព ដោយចងចាំថាខ្មែររួបរួម ខ្មែរខ្លាំង។
ផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» នេះ ត្រូវបានគូរដោយវិចិត្រករជាតិជាច្រើននាក់ លើផ្ទាំងក្រណាត់ស ដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ។ ជាមួយគ្នានេះ ផ្ទាំងគំនូរ នឹងដាក់តាំងបង្ហាញជូនដល់សាធារណជន ទស្សនារហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ពោលគឺមានរយៈពេល២ខែ៕























