មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

04-03-2026 11:43

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយឆ្នាំ ២០២៥» ដោយមានការចូលរួមពី ប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរនៃរដ្ឋបាលរាជធានី ខេត្ត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាច្រើនរូបទៀត នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

បើតាមរបាយការរបស់លោក វេជ្ជ ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេស បានឱ្យដឹងថា ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ គឺសម្រេចបានជោគជ័យនូវសូចនាករគន្លឹះតាមផែនការកំណត់ដូចជា៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ករណីជំងឺគ្រុនចាញ់បានថយចុះ ៩៥%។ ត្រឹមឆ្នាំ២០១៥ សម្រេចទប់ស្កាត់បានការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីន(ថ្នាំគ្រុនចាញ់) ជាមួយមេរោគគ្រុនចាញ់។ ចាប់តាំងពីឆ្នាំ២០១៨ គឺគ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ ដែលបានសម្រេចជោគជ័យ ៣ឆ្នាំ មុនគោលដៅគ្រោងឆ្នាំ២០២០។ លុបបំបាត់ជំងឺគ្រុនចាញ់មេរោគប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅត្រឹមឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់ក្នុងស្រុកថយចុះ ៨៤% ធៀបនឹងឆ្នាំ២០២៤ (ពី ៣២២ ករណី ចុះមក ៥២ ករណី) និងរក្សាបានគ្មានករណីស្លាប់។

លោកវេជ្ជ ស៊ីវ សុវណ្ណារ័ត្ន បានបន្ថែមទៀតថា ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ក៏សម្រេចបានសុចនាករសូន្យលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេសនៅចុងឆ្នាំ២០២៥ (ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មិនមានករណីឆ្លងក្នុងស្រុកថ្មីទេ)។ ក្នុងឆ្នាំ២០២៥នេះ យើងរកឃើញករណីនាំចូលពីក្រៅប្រទេសចំនួន ៥៥នាក់ ដែលចំនួននេះបានកើនឡើងជិត២ដង បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន៣៣នាក់។ ករណីណាំចូលទាំងនេះ មាន ៦៧%មកពីប្រទេសអាហ្វ្រិក, ២៧% មកពីប្រទេសថៃ, ២%មកពីប្រទេសវៀតណាម,២%មកពីប្រទេសកូរ៉េខាងត្បូង និង២%មកពីប្រទេសអាល្លឺម៉ង់។

ថ្លែងនាឱកាសនោះដែរលោកបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ដែរថា សមិទ្ធផលដែលទទួលបាននាឆ្នាំកន្លងមកនេះ គឺមានចំណុចគន្លឹះជោគជ័យមួយចំនួនដែលបានមកពីការដឹកនាំ និងការគាំទ្រយ៉ាងមាំមួនពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ទិសដៅច្បាស់លាស់ និងការណែនាំជាប់លាប់ ស្របជាមួយការសម្របសម្រួល និងសហការល្អពហុវិស័យ រវាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់។ ជាមួយគ្នានេះ ប្រព័ន្ធតាមដាន និងព័ត៌មានជំងឺដែលមានប្រសិទ្ធភាពខ្ពស់ បានអនុញ្ញាតឱ្យការរាយការណ៍ អង្កេត និងឆ្លើយតបទាន់ពេល ខណៈដែលការគ្រប់គ្រងករណី និងសេវាសុខាភិបាលដែលមានការគ្របដណ្តប់ទូលំទូលាយ បានធានាការរកឃើញ និងព្យាបាលជំងឺបានត្រឹមត្រូវ ទោះនៅតំបន់ដាច់ស្រយាលក៏ដោយ។

លោកបណ្ឌិត បានបន្ថែមថា ការឆ្លើយតបរហ័ស និងការអនុវត្តយុទ្ធនាការបុរេសកម្ម ៦០ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លងចុងក្រោយ បានជួយកាត់បន្ថយហានិភ័យនៃការចម្លងយ៉ាងមានប្រសិទ្ធភាព។ ការចូលរួមសកម្ម និងការយល់ដឹងរបស់សហគមន៍ រួមនឹងការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់របស់ក្រុមការងារ បានក្លាយជាគ្រឹះសំខាន់នៃភាពជោគជ័យ ខណៈដែលការរៀបចំយុទ្ធសាស្ត្របន្ត និងចក្ខុវិស័យវែងឆ្ងាយ បានធានាចីរភាពនៃសមិទ្ធផល «គ្មានជំងឺគ្រុនចាញ់» នៅកម្ពុជា។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ហ៊ុយ រ៉េកុល ក៏បានដាក់ចេញនូវធាតុចូលជាទស្សនៈទាន សំដៅពង្រឹងប្រសិទ្ធភាពការងារ និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញក្នុងកម្ពុជា ឆ្នាំ២០២៦-២០៣៥ មានដូចជា៖ ការគ្រប់គ្រង និងតាមដានករណីនាំចូលជំងឺគ្រុនចាញ់, ការទប់ស្កាត់ និងឆ្លើយតបចំពោះការលាប់ឡើងវិញនៃមេរោគ Plasmodium vivax និងមេរោគឆ្លងពីសត្វមកមនុស្ស, ការគ្រប់គ្រងសម្ភារៈ បរិក្ខារ និងស្តុកឱ្យមានប្រសិទ្ធភាព ក្នុងស្ថានភាពតម្រូវការថយចុះ, ការពង្រឹងកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីធ្វើសមាហរណកម្មសកម្មភាព (រួមទាំងបណ្តាញអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងប្រព័ន្ធព័ត៌មានសុខាភិបាល) ការកាត់បន្ថយគម្លាតរវាងចំណេះដឹង និងអាកប្បកិរិយាប្រជាជន ក្នុងការប្រើប្រាស់សេវាបង្ការ និងព្យាបាលជំងឺក្នុងបរិបទទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ឡើងវិញ និងការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាមផងដែរ៕