អំពូលភ្លើងសូឡា ៣៣០ដើម ត្រូវបានដំឡើងដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈក្នុងស្រុកស្វាយអន្ទរ

04-03-2026 12:45

(​ព្រៃវែង)៖ រដ្ឋបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានដំឡើងអំពូលសូឡា ដើរដោយថាមពលព្រះអាទិត្យ (Solar Light) ចំនួនជាង ៣៣០ដើម នៅតាមដងផ្លូវសាធារណៈសំខាន់ៗក្នុងស្រុក។ ការដំឡើងនេះ មិនត្រឹមតែជួយ ឱ្យភូមិឃុំមានពន្លឺចែងចាំងនៅពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។

លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, រដ្ឋបាលស្រុកស្វាយអន្ទរ បានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ពិសេសបានដាក់នៅភ្លើងអំពូលសូឡា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន។

លោកបានបន្តថា ការដាក់អំពូលសូឡានេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ដោយសារអ្នកបើកបរមានភាពងាយស្រួលក្នុងការមើលផ្លូវ និងជួយបង្ការសកម្មភាពមិនប្រក្រតីផ្សេងៗ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់អាធ្រាត្រ។

ប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ រដ្ឋបាលស្រុក ដោយពួកគាត់កត់សម្គាល់ថា ពីមុនផ្លូវខ្លះមានភាពងងឹតខ្លាំងដែលបង្កការភ័យខ្លាច ប៉ុន្តែពេលនេះមានភាពខុសប្លែកពីមុនដាច់ស្រឡះ៕