ឃុំព្រៃទទឹង ស្រុកមេសាង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី បង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
04-03-2026 13:04
(ព្រៃវែង)៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកមេសាង ក៏ដូចជាមេឃុំព្រៃទទឹង នាពេលបច្ចុប្បន្ននេះ ឃុំព្រៃទទឹងកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម។ ការស្ថាបនាផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រក្នុងឃុំ បាននិងកំពុងក្លាយជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ។
លោក សំ ស៊ី មេឃុំព្រៃទទឹង បានឲ្យដឹងថា កន្លងមកផ្លូវមួយចំនួនក្នុងឃុំធ្លាប់តែមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ប៉ុន្តែបច្ចុប្បន្ន តាមរយៈកញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ និងការចូលរួមពីសប្បុរសជន ផ្លូវគ្រួសក្រហម និងផ្លូវបេតុងជាច្រើនខ្សែត្រូវបានស្ថាបនាឡើងតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន។
លោកបានបន្តថា ការរីកចម្រើននេះ មិនត្រឹមតែជួយឱ្យសិស្សានុសិស្សទៅរៀនបានស្រួល និងប្រជាពលរដ្ឋទៅមន្ទីរពេទ្យបានទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើនតម្លៃដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនក្នុងឃុំព្រៃទទឹងឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀតផងដែរ។
ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃទទឹងបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានជំរុញការងារអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាស្រុក ក្រុងនៃខេត្តព្រៃវែង ធ្វើឲ្យការធ្វើដំណើរនិងដឹកកសិផលទៅកាន់ទីផ្សាររបស់ប្រជាពលរដ្ឋកាន់តែស្រួលផងដែរ៕









