ប្រវត្តិតស៊ូ Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ និងអរិភាពជាមួយអាមេរិក-អ៊ីស្រាអែល
04-03-2026 13:45
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ទី ២៨ ខែកុម្ភៈ អាមេរិកជាមួយនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការណ៍យោធាដ៏ធំមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ គ្រាប់មីស៊ីលបានហោះចេញពីអ៊ីស្រាអែល នាវាចម្បាំងអាមេរិក ដែលឈរជើងនៅសមុទ្រ មីឌីទែរ៉ាណេ សមុទ្រឥណ្ឌា និងមូលដ្ឋានយោធាអាមេរិកនៅមជ្ឍិមបូព៌ាហោះសំដៅចូលទឹកដីអ៊ីរ៉ង់ដូចគ្រាប់ភ្លៀង។ ជាការឆ្លើយតបអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីលសំដៅចូលទឹកដីអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឍិមបូព៌ាដើម្បីជាការសងសឹក។ អ្វីដែលនឹកស្មានមិនដល់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលមិនដល់ ២៤ម៉ោងផងបានឆក់យកជីវិតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ដែលជាបុរសខ្លាំងនិងមានឥទ្ធិពលបំផុតនៅអ៊ីរ៉ង់គ្រប់ដណ្តប់លើយោធា តុលាការ ហើយការសម្រេចចិត្តរបស់គាត់មានអំណាចលើសលប់លើការសម្រេចចិត្តរបស់ប្រធានាធិបតី និងសភាទៀតផង។
ចាប់តាំងពីឡើងកាន់តំណែងជាមេដឹកនាំនៅឆ្នាំ១៩៨៩ បន្ទាប់ពីមរណភាពរបស់ស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមលោក Ruhollah Khomeini លោក Khamenei បានដឹកនាំប្រទេសអ៊ីរ៉ង់ ហែលឆ្លងកាត់ផលវិបាកនៃសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ឆ្នាំ១៩៨០-១៩៨៨ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែធ្ងន់ធ្ងរ ការឯកោផ្នែកការទូត ភាពចលាចលក្នុងស្រុកកើតឡើង និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv ហើយលោកជាអ្នកប្រែក្លាយអ៊ីរ៉ង់ឱ្យទៅជាមហាអំណាចតំបន់មួយយ៉ាងពិតប្រាកដមិនអាចប្រកែកបានដែរ។
ចំពោះអ្នកគាំទ្រ លោកគឺជាអ្នកការពារអធិបតេយ្យភាពអ៊ីរ៉ង់យ៉ាងរឹងមាំប្រឆាំងនឹងសម្ពាធពីបរទេស។ ចំពោះអ្នករិះគន់ លោកបានតំណាងឱ្យប្រព័ន្ធនយោបាយដ៏រឹងមាំមួយដែលសឹងតែមិនអាចកែទម្រង់បាន និងគ្មាននរណាហ៊ានប្រឆាំងនឹងលោកឡើយ។ បុរសខ្លាំងរូបនេះជាមនុស្សម្នាក់គត់ដែលហ៊ានចេញមុខប្រឆាំងនឹងអ៊ីស្រាអែល និងឥទ្ធិពលអាមេរិកនៅមជ្ឈិមបូព៌ាអស់រាប់ទសវត្សណាស់មកហើយ។ នៅក្នុងកែវភ្នែកអាមេរិក និងអ៊ីស្រាអែលបុរសវ័យ ៨៦ឆ្នាំ រូបនេះជាឆ្អឹងទទឹងកដែលត្រូវតែកម្ចាត់ចោលឲ្យខានតែបាន។
* Ayatollah Ali Khamenei និងនយោបាយ
លោក Khamenei កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៣៩ នៅ Mashhad ភាគខាងកើតប្រទេសអ៊ីរ៉ង់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ គាត់បានចូលរួមក្នុងចលនារបស់ Ayatollah Khomeini ប្រឆាំងនឹងស្តេច Mohammad Reza Pahlavi។ ចូលមកដលឆ្នាំ១៩៦៣ គាត់ត្រូវបានចាប់ខ្លួនដោយក្រុម SAVAK ដែលជាសេវាស៊ើបការណ៍សម្ងាត់របស់ស្តេចពីបទ «រៀបចំការតវ៉ា និងចែកចាយអក្សរសិល្ប៍ប្រឆាំងនឹងរបបរាជានិយម»។ នៅពេលដែលការតវ៉ាទ្រង់ទ្រាយធំបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧៨-១៩៧៩ ដែលធ្វើឱ្យរបបរាជានិយមចុះខ្សោយ អ្នកទោសនយោបាយ និងអ្នកនិរទេសខ្លួននៅឯបរទេសក៏បានវិលត្រឡប់ចូលស្រុកវិញ ពេលនោះហើយដែលលោក Khamenei បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីក្រុង Mashhad និងទីក្រុងដទៃទៀត ដោយជួយរៀបចំបាតុកម្ម និងកៀរគរការគាំទ្រដល់របៀបវារៈបដិវត្តន៍របស់លោក Khomeini។ នៅទីបំផុតបដិវត្តន៍អ៊ីស្លាមក៏ទទួលបានជោគជ័យនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៧៩ ដោយបានផ្តួលរំលំរបបរាជានិយមរបស់ស្តេច Mohammad Reza Pahlavi និងនាំឱ្យមានការបង្កើតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្រោមការដឹកនាំរបស់ Ayatollah Ruhollah Khomeini។
* មេដឹកនាំកំពូលអ៊ីរ៉ង់The Supreme Leader
បន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ លោក Khamenei បានចូលរួមជីវិតនយោបាយជាមួយក្រុមប្រឹក្សាបដិវត្តន៍ ហើយបានឡើងឋានៈយ៉ាងឆាប់រហ័សនៅក្នុងសណ្តាប់ធ្នាប់នយោបាយរបស់រដ្ឋាភិបាលថ្មីនេះ។ នៅឆ្នាំ១៩៨១ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី ម៉ូហាម៉ាដ អាលី រ៉ាជៃ (Mohammad Ali Rajai) លោក ខាមេណៃ ត្រូវបានជ្រើសរើសជាប្រធានាធិបតី ដោយបម្រើការពីរអាណត្តិជាប់ៗគ្នារហូតដល់ឆ្នាំ ១៩៨៩។ នៅឆ្នាំដដែលនោះ លោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅពេលដែលគ្រាប់បែកមួយគ្រាប់ ដែលលាក់នៅក្នុងម៉ាស៊ីនថតសំឡេងបានផ្ទុះក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវិហារអ៊ីស្លាម ដែលធ្វើឱ្យដៃស្តាំរបស់លោកពិការជាអចិន្ត្រៃយ៍។ បន្ទាប់ពីមរណភាពរបស់លោក Khomeini ក្នុងខែមិថុនា ឆ្នាំ១៩៨៩ សភាជំនាញរបស់អ៊ីរ៉ង់បានតែងតាំងលោក Khamenei ជាមេដឹកនាំកំពូល ឬដែលភាសាអង់គ្លេសហៅថា The Supreme Leader ជាមួយនឹងការកែប្រែរដ្ឋធម្មនុញ្ញនៅពេលក្រោយបានធ្វើឱ្យតំណែងនេះក្លាយជាតំណែងកំពូលនៃប្រព័ន្ធនយោបាយជាផ្លូវការរបស់អ៊ីរ៉ង់។
ទោះបីជាដំបូងឡើយត្រូវបានគេមើលឃើញលោកជាមនុស្សចូលចិត្តសម្របសម្រួលក៏ដោយ ក្រោយមកលោកបានពង្រឹងអំណាចបន្តិចម្តងៗ ដោយពង្រឹងអំណាចនៃការិយាល័យមេដឹកនាំកំពូលលើទាំងអង្គនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ក្រោមការដឹកនាំរបស់លោក អ៊ីរ៉ង់បានបន្តគោលនយោបាយការបរទេស ដែលផ្តោតលើការទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ពង្រីកសម្ព័ន្ធភាពក្នុងតំបន់ និងប្រើការទប់ស្កាត់ជាយុទ្ធសាស្ត្រទល់និងអាមេរិក។
* កម្មវិធីនុយក្លេអ៊ែរ
កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានក្លាយជាបញ្ហាស្នូលមួយនៃការគ្រប់គ្រងអំណាចរបស់លោក Khamenei ។ នៅពេលដែលភាពតានតឹងកើនឡើងជាមួយមហាអំណាចលោកខាងលិច ទណ្ឌកម្មយ៉ាងកំហុកបានធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់រងសម្ពាធយ៉ាងខ្លាំង។ នៅឆ្នាំ២០១៥ ទីក្រុងតេអេរ៉ង់បានឈានដល់ផែនការសកម្មភាពមួយ ដែលភាសាអង់គ្លេសហៅថា Joint Comprehensive Plan of Action (JCPOA) ដែលមានការចូលរួមពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន រុស្ស៊ី បូករួមទាំងអាល្លឺម៉ង់ ដោយសហភាពអឺរ៉ុបក៏ចូលរួមផងដែរ ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ពេលនោះលោក Khamenei បានយល់ព្រមលើការចរចា ប៉ុន្តែនៅតែមានការសង្ស័យយ៉ាងខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន ឬនិយាយដោយឡែកគឺអាមេរិកមិនទុកចិត្តលើអ៊ីរ៉ង់តែម្តង អាមេរិកនៅបន្តចោទថាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់មានបំណងផលិតអាវុធមហាប្រល័យ ហើយអ៊ីស្រាអែលក៏បានចោទដូចអាមេរិកដូចគ្នានេះដែរ បើទោះបីអ៊ីរ៉ង់ប្រកាសម្តងហើយម្តងទៀតថាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនគឺដើម្បីកម្មវិធីនុយក្លេអ៊ែរស៊ីវិលតែប៉ុណ្ណោះក៏ដោយ។
កិច្ចព្រមព្រៀងនេះបានរលាយបាត់ដូចអំបិលត្រូវទឹកបន្ទាប់ពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកខ្លួនចេញក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញ ដែលជំរុញឱ្យអ៊ីរ៉ង់កាត់បន្ថយការអនុលោមតាមកិច្ចព្រមព្រៀងខាងលើ។ លោក Khamenei តែងតែចាត់ទុកមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា ជារឿងត្រឹមត្រូវនិងសន្តិភាព ខណៈពេលដែលលោកពណ៌នាអំពីទណ្ឌកម្មរបស់អាមេរិកថាជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចលើអ៊ីរ៉ង់។ នៅក្នុងការបង្ហោះចុងក្រោយមួយនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី១៧ ខែកុម្ភៈ លោកបាននិយាយថា ថាមពលនុយក្លេអ៊ែរគឺជា «សិទ្ធិដែលមិនអាចប្រកែកបាន» “undeniable right” ដែលត្រូវបានទទួលស្គាល់ក្រោមគោលការណ៍ណែនាំអន្តរជាតិ។
* សម្ព័ន្ធភាពក្នុងតំបន់
លោក ខាមេណៃ ជាបុគ្គលដែលគាំទ្រប្រជាជនប៉ាឡេស្ទីនពេញទំហឹង បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣ លោកបានបង្កើនវោហាសាស្ត្រប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយជំរុញឱ្យប្រទេសនានាកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល និងអំពាវនាវឱ្យអ៊ីស្រាអែលឱ្យនៅឯកោខាងការទូតទៀតផង។ សសរស្តម្ភសំខាន់មួយនៃយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក្រោមការដឹកនាំរបស់ Khamenei គឺការគាំទ្រសម្ព័ន្ធមិត្តក្នុងតំបន់រួមមាន ក្រុមហេសបូឡានៅលីបង់ និងក្រុមប្រដាប់អាវុធនៅទូទាំងប្រទេសអ៊ីរ៉ាក់ និងយេម៉ែន ដែលជាផ្នែកមួយនៃអ្វីដែលមន្ត្រីអ៊ីរ៉ង់ពិពណ៌នាថាជា «អ័ក្សនៃការតស៊ូ» “Axis of Resistance” ជាបណ្តាញមួយដែលចងសម្ព័ន្ធភាពប្រឆាំងនឹងឥទ្ធិពលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់។ ក្រុមនេះក៏គ្របដណ្តប់លើក្រុមប៉ាឡេស្ទីនផងដែរ រួមទាំងក្រុមហាម៉ាស និងអតីតរបបស៊ីរីរបស់លោក បាសារអាល់-អាសាដ ថែមទៀត។
* ការប្រឈមមុខជាមួយអាមេរិក និងអ៊ីស្រាអែល
លោក Khamenei ជាអ្នករិះគន់ជាយូរមកហើយចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយតែងតែពណ៌នាពួកគេថាជាសត្រូវដ៏សំខាន់របស់អ៊ីរ៉ង់។ ភាពតានតឹងក្នុងតំបន់បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីតាំងអ៊ីរ៉ង់កាលពីឆ្នាំមុន បានជំរុញឱ្យទីក្រុងតេអេរ៉ង់វាយប្រហារសងសឹកយ៉ាចាស់ដៃវិញ។ លោកបានសន្យាម្តងហើយម្តងទៀតថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីស្រាអែល ហើយបានបដិសេធការរំពឹងទុកនៃការចរចាជាមួយទីក្រុង Tel Aviv ដោយព្រមានថា ទីក្រុងតេអេរ៉ង់នឹងបន្តទប់ទល់នឹងការឈ្លានពានរបស់ខ្លួន។ ក្នុងបាតុកម្មនៅអ៊ីរ៉ង់ប៉ុន្មានខែមុននេះទាំងមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានអំពាវនាវជាថ្មីឲ្យមានការផ្លាស់ប្តូរនយោបាយ ឬការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់តែម្តង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសពីការស្លាប់របស់លោក Khamenei លោក Trump បាននិយាយថា «Khamenei មិនអាចគេចផុតពីប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធតាមដានដ៏ទំនើបរបស់យើងបានទេ ហើយដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល គ្មានអ្វីដែលKhamenei ឬមេដឹកនាំផ្សេងទៀតដែលត្រូវបានសម្លាប់រួមជាមួយលោក អាចធ្វើបាននោះទេ» នេះមានន័យថាចារកម្មអាមេរិក និងអ៊ីស្រាអែលបានដឹងគ្រប់សកម្មភាពរបស់លោក Khamenei និងទីតាំងដែលលោកស្នាក់នៅម្ល៉េះ ទើបអាមេរិកអាចសម្លាប់លោកបានមិនដល់ ២៤ម៉ោងផង និងសូមបញ្ជាក់ផងដែរថាក្នុងការវាយប្រហារនេះបានឆក់យកជីវិតកូនស្រី កូនប្រសារ ចៅ និងប្រពន្ធរបស់លោក ជាមួយនិងមន្រ្តីសំខាន់ៗក្នុងជួររដ្ឋាភិបាលរបស់លោកថែមទៀតផង។
* ការស្លាប់របស់លោក Khamenei
បានកម្ចាត់ចោលឥស្សរជនដ៏សំខាន់បំផុតម្នាក់នៅក្នុងនយោបាយមជ្ឈិមបូព៌ាសម័យទំនើប ជាមេដឹកនាំម្នាក់ដែលបានបង្កើតអត្តសញ្ញាណមនោគមវិជ្ជារបស់អ៊ីរ៉ង់ សម្ព័ន្ធភាពក្នុងតំបន់ និងការប្រឈមមុខដាក់គ្នាអស់ជាច្រើនទសវត្សរ៍ជាមួយលោកខាងលិច និងអ៊ីស្រាអែល។ ក៏ប៉ុន្តែមិនមានន័យថាការស្លាប់របស់លោកអាចទៅបញ្ចប់អរិភាពរវាងអ៊ីរ៉ង់ និងអាមេរិក និងអ៊ីស្រាអែលនោះទេ ជាការសងសឹកទៅនឹងការស្លាប់របស់លោក អ៊ីរ៉ង់បានបើកការវាយប្រហារកាន់តែខ្លាំងឡើងលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឍិមបូព៌ាមិនដកដៃឡើយ។
គេនៅចាំមើលថាតើនរណានឹងឡើងមកជំនួសតំណែងរបស់លោក Khamenei និងមាននិន្នាការបែបណានោះសុទ្ធតែជារឿងដែលនឹងកើតឡើងនៅពេលខាងមុខនេះ។ តែអ្វីដែលទំនងមិនអាចកើតឡើងដូចការរំពឹងទុករបស់អ៊ីស្រាអែល និងអាមេរិក គឺការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ ហើយអាមេរិកក៏គ្មានឱកាសក្នុងការលើកបន្តុបមេដឹកនាំតាមខ្សែញាក់របស់អាមេរិកដែរ ត្បិតថាប្រតិបត្តិការយោធានេះគឺធ្វើតាមដែនអាកាសសុទ្ធសាធ ហើយបើចង់ផ្តួលរំលំរបបផ្តាច់ការចាស់វស្សាមួយនេះលុះត្រាតែទ័ពអាមេរិកដាក់ជើងជាន់ដីអ៊ីរ៉ង់ បើពុំដូច្នោះទេគ្រាន់តែជាក្តីស្រមៃដែលនឹងពុំមានថ្ងៃកើតឡើងឡើយ៕
ដោយលោក វៀង ហួរ



លោក វៀង ហួរ ដែលបានស្រាវជ្រាវ និងចងក្រងខ្លឹមសារអត្ថបទ



