ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រារព្ធពិធីអបអរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»

04-03-2026 14:47

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងឧត្តមភរិយា ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង និងភរិយា លោកនាយការិយាល័យទាំង៣៣ អធិការនគរបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងនារីជានគរបាលជាតិជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។ ជាការពិតណាស់ ទិវាសិទ្ធិនារីអន្តរជាតិ (៨មីនា) គឺជាថ្ងៃសកលមួយដែលអបអរដល់ស្នាដៃរបស់ស្ត្រីក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្ដថា ថ្ងៃនេះទៀតសោធក៏ជាថ្ងៃដែលត្រូវបានគេកត់សម្គាល់ជាទូទៅថាជាថ្ងៃអំពាវនាវ ឲ្យមានសកម្មភាពសម្រាប់ការបង្កើនសមភាពយេនឌ័រ ក្នុងយុគសម័យ នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឬហៅថា (បដិវត្តន៍៤.០) កំពុងរីកចម្រើន និងក្នុងបរិបទ នៃសាកលភាវូបនីយកម្ម ស្ត្រីគឺជាឆ្អឹងខ្នងនៃសសរស្តម្ភសម្រាប់ការអភិវឌ្ឍដ៏រឹងមាំ ហើយស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងផ្ដល់ឱកាសជូនស្ត្រីទាំងអស់ដើម្បី បញ្ចេញសមត្ថភាពស្មើមុខស្មើមាត់នឹងបុរស។

បន្ថែមលើនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តែផ្ដាំដល់កងកម្លាំងនគរបាលនារីទាំងអស់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារៈកិច្ច បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង ខិតខំពង្រឹងចំណេះដឹង បង្កើនសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្របន្ថែម អំពីវិធានការជំនាញរបស់កងកម្លាំងនគរបាលជាតិ។

លោកក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ សារុង និងថវិកាចំនួន៥០,០០០រៀល ជូនដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ៕