បច្ចុប្បន្នភាពការដួលសន្លប់កម្មកររោងចក្រស៊ីហាវ៖ ក្រសួងការងារថា កម្មករ ១៩នាក់ បានជាសះស្បើយចេញទៅផ្ទះវិញ ខណៈមូលហេតុបឋមអាចមកពី ការកើនកំដៅក្នុងអគារផលិតកម្ម

04-03-2026 15:05

(ភ្នំពេញ)៖ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប១៩នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី៤ ខែមីនានេះ ខណៈកម្មករ ១២នាក់ផ្សេងទៀតកំពុងសម្រាកបន្តនៅមណ្ឌលសុខភាពព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានថ្លែងថា៖ «សុខទុក្ខរបស់កម្មករគឺជាការងារអាទិភាពរបស់ក្រសួងដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារលោកយកចិត្តទុកដាក់។ ក្នុងនោះ ភ្លាមៗក្រោយទទួលបានដំណឹងក្រុមមន្ត្រីជំនាញរបស់ក្រសួង រួមទាំងមន្ទីរក.ប.ខេត្តកណ្តាលផង បានចុះពិនិត្យ និងជួយសម្រួលជូនបងប្អូនទៅកាន់មន្ទីរពេទ្យ និងបន្តសម្របសម្រួលនៅទីតាំងជាក់ស្តែង ខណៈដែលជំនាញផ្នែកសុវត្ថិភាពការងារបស់ក្រសួង កំពុងអង្កេត និងសរុបលើការអង្កេតដើម្បីផ្តល់សេចក្តីសន្និដ្ឋានរួម»

អ្នកនាំពាក្យរូបនេះបានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែមីនាថា ការរដួលសន្លប់កម្មករនិយោជិតរោងចក្រស៊ីនហាវ ហ៊ែន ប៊ែក ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនេះ គឺផ្តើមចេញពីកម្មការិនីចំនួន ២នាក់ រួមមាន៖ ទី១៖ ឈ្មោះ រស់ ស្រីនី អាយុ ៣៦ឆ្នាំ និងទី២៖ ឈ្មោះ វេង ណៃលីន អាយុ ៣៤ឆ្នាំ ដែលធ្វើការនៅផ្នែកដេរជាមួយគ្នា មានអាការៈវិលមុខ ថប់ដង្ហើម ទន់ដៃទន់ជើងសន្លប់។

បន្ទាប់មកកម្មករដែលនៅជិតគាត់បានគ្រាជនរងគ្រោះទៅបន្ទប់ពេទ្យរោងចក្រ ពេលនោះក្រុមការងារជំនួយការផ្នែករដ្ឋបាលបានជួយ ធ្វើការសង្រ្គោះបឋមភ្លាមៗ និង បានបញ្ជូនបន្តទៅមជ្ឃមណ្ឌលសុខភាពព្រែកអញ្ចាញ។ ចំណែកកម្មករ ផ្សេងទៀតដែលនៅក្បែរនោះបានឃើញហេតុការណ៍នេះ ក៏មានអាការៈ ភិតភ័យ ទន់ដៃទន់ជើង សន្លប់តគ្នា ជាបន្តបន្ទាប់។

បន្ថែមពីនេះ លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «មូលហេតុបឋមដែលក្រុមជំនាញនៃក្រសួងការងាររកឃើញ គឺ រោងចក្រមានប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ និងការសំអាតបរិយាកាសក្នុងអគាផលិតកម្មពុំបានត្រឹមត្រូវ បរិយាការណ៍កម្ដៅក្នុងអគាផលិតកម្មមានសភាពក្ដៅ និងមានក្លិនកាវ»។

សូមជម្រាបដែរថា លោក ស៊ុន មេសា កម្មករត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមីនា និងចូលធ្វើការនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦៕