ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី សហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍភូមិនៅកម្ពុជា» ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ

04-03-2026 15:12

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍភូមិនៅកម្ពុជា» ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ ឱ្យកាន់តែលឿនថែមទៀត។

សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូរ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណ ៤៦០នាក់ផងដែរ។

នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានាឱកាសនោះ រួមមានការធ្វើបទបង្ហាញ អំពីការអភិវឌ្ឍភូមិគំរូនៅកម្ពុជា លទ្ធផលស្រាវជ្រាវស្តីពីការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា ការធ្វើបទបង្ហាញស្តីពីលំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ និងបទបង្ហាញស្តីពី ទស្សនាទានឆ្ពោះទៅការរៀបចំបុរីជនបទ ដោយវាគ្មិននៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានគោលបំណងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ផ្អែកលើបរិមាណនៃការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលកន្លងមក និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ ដើម្បីជ្រើសរើសជា «ភូមិគំរូ» ព្រមទាំងដើម្បីអាចរៀបចំផែនការយុទ្ធសាស្រ្ត រួមគ្នាក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យកាន់តែលឿនថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕