ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លេីកទឹកចិត្ដដល់វិស័យឯកជន បន្ដផ្តល់ចំណេះដឹង និងបច្ចេកទេសកសិកម្មទំនើប ដល់ប្រជាកសិករ ដេីម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម

04-03-2026 15:14

(បន្ទាយមានជ័យ)៖ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ក្រុមហ៊ុន ជីសញ្ញាក្បាលក្របី និងក្រុមហ៊ុន យីតាក់ គ្រុប នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំទិវាស្រែ ស្ដីពីការដាំដុះដំណាំស្រូវឆ្លាតវៃ ស្របតាមការប្រែប្រួលអាកាសធាតុ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គោលបំណងនៃទិវាស្រែនេះ ក្រុមហ៊ុនទាំងពីរផ្តោតលើការផ្តល់ចំណេះដឹង និងបច្ចេកទេសកសិកម្មទំនើប ដើម្បីជួយដល់ប្រជាកសិករ និងមន្ត្រីបច្ចេកទេសនៅតាមឃុំនីមួយៗ សំដៅបង្កើនការយល់ដឹងអំពីការរៀបចំដីឱ្យមានប្រសិទ្ធភាព បង្កើន PH កាត់បន្ថយជាតិពុល និងសារធាតុអាស៊ីតក្នុងដី និងធ្វើឲ្យការលូតលាស់របស់ដំណាំស្រូវល្អប្រសើរឡើង ជាពិសេសជំរុញការប្រើប្រាស់ជីឱ្យត្រឹមត្រូវ បង្កើនប្រាក់ចំណូល និងបង្កើនគុណភាពកសិផល។ ក្រៅពីនេះ ក៏មានការពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍កសិកម្មដោយអ្នកជំនាញកសិកម្ម មកពីតាមក្រុមហ៊ុនទាំងពីរផងដែរ។

ជាកិច្ចចាប់ផ្តើម លោក យក់ ពុន អនុប្រធានការិយាល័យកសិកម្មស្រុកព្រះនេត្រព្រះ បានលើកឡើងថា ការរៀបចំទិវាស្រែស្ដីពីការដាំដុះដំណាំស្រូវឆ្លាតវៃ ស្របតាមការប្រែប្រួលអាកាសធាតុ បានសរបញ្ជាក់ឲ្យឃើញថា មន្ទីរកសិកម្មខេត្ត វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់កសិករ ដើម្បីបានស្វែងយល់ពីការធ្វើកសិកម្មបែបទំនើបដោយកាត់បន្ថយថ្លៃដើមផលិត និងទទួលបានទិន្នផលខ្ពស់ សំដៅជួយដល់កសិករទទួលបានប្រាក់ចំណេញពិតប្រាកដ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនជីសញ្ញាក្បាលក្របី និងក្រុមហ៊ុន យីតាក់ គ្រុប បានសម្តែងនូវចំណាប់អារម្មណ៍គាំទ្រក្នុងការចូលរួមពីក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំដីជូនប្រជាកសិករ ការប្រើប្រាស់ជីសម្រាប់ផលិតកម្មដំណាំស្រូវ ដើម្បីរកផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងនេះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានសម្តែងនូវចំណាប់អារម្មណ៍គាំទ្រ ក្នុងការចូលរួមពីវិស័យឯកជន ជាពិសេសក្រុមហ៊ុនជីសញ្ញាក្បាលក្របី និងក្រុមហ៊ុន យីតាក់ គ្រុប ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំដី ការប្រើប្រាស់ជីសម្រាប់ផលិតកម្មដំណាំស្រូវ ដើម្បីរកផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាក់ស្តែងកន្លងមកនេះ ប្រជាកសិករបានប្រើប្រាស់ពូជស្រូវចំនួន ២៤០គីឡូក្រាម និងជីប្រមាណ ១០-១២ បាវក្នុងមួយហិកតា និងបានកែប្រែអនុវត្តតាមការណែនាំ ដោយប្រើប្រាស់ត្រឹមតែ ១៤០គីឡូក្រាម និងជីប្រមាណ ៦-៩ បាវ ក្នុងមួយហិកតា និងទទួលបានទិន្នផលល្អសមរម្យ។

ជាទីបញ្ចប់ លោកប្រធានមន្ទីរកសិកម្មខេត្ត បានលើកទឹកចិត្ត និងសំណូមពរដល់ក្រុមហ៊ុនទាំងពីរ បន្តកិច្ចការងារនេះបន្ថែមទៀត ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍន៍វិស័យកសិកម្មឱ្យមានភាពធន់បរិយាប័ន្ន មានសេដ្ឋកិច្ចមាត្រដ្ឋាន ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕