សាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ ថ្លែងអំណរគុណស្ត្រីដែលបានរួមចំណែកថែរក្សាសន្តិសុខ សន្តិភាព អភិវឌ្ឍន៍សង្គម និងគ្រួសារ
04-03-2026 15:46
(ស្ទឹងត្រែង)៖ លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានអញ្ជើញចូលជាពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើកោតសរសើរ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជូនចំពោះមន្ត្រីរាជការ បុគ្គលិកសិក្សា និងនិស្សិតទាំងអស់ពិសេសជាស្ត្រីដែលបានចូលរួមចំណែកក្នុងការរក្សាបាននូវសន្តិសុខ សន្តិភាពអភិវឌ្ឍន៍បានគ្រួសាររឹងមាំ។
លោកសាស្ត្រាចារ្យជំនួយ តាត សុវណ្ណ បានថ្លែងបញ្ជាក់ពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកប ដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត រួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម៕




























