អាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាសំអាតបរិស្ថាននៅភូមិសាស្ត្រនៃឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ក្រោមប្រធានបទ «ផ្ទះស្អាតបរិស្ថានល្អទេសចរណ៍សហគមន៍គ្មានសំរាម»
04-03-2026 15:51
(កំពត)៖ ក្រោមការណែនាំរបស់លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ, អាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូតំណាងភូមិឃុំ រួមទាំងបុគ្គលិក រីសតទឹកឈូ homestays និងប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធីសំអាតបរិស្ថាន នៅតាមដងផ្លូវនានាក្នុងភូមិសាស្ត្រ នៃភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ក្រោមប្រធានបទ «ផ្ទះស្អាតបរិស្ថានល្អទេសចរណ៍សហគមន៍គ្មានសំរាម» ដែលប្រព្រឹត្តធ្វើឡើង នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ។
នាឱកាសនោះលោក សេង ឆាយ មេឃុំម៉ាក់ប្រាង្គ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមសំអាតបរិស្ថានទាំងអស់គ្នា លោកជឿជាក់ថា ក្រោយពីមានការរើសសំរាម គឺបរិស្ថានប្រែក្លាយជាល្អស្អាតនៅតាមទីសាធារណៈ ជាពិសេស នៅជុំវិញរមណីយដ្ឋានទឹកឈូ ដែលមានភ្ញៀវទេសចរណ៍តែងតែមកសម្រាកកំសាន្តលេងរៀងរាល់ថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងថែមទៀត។
លោកមេឃុំក្នុងនាមតំណាងអោយ លោកអភិបាលស្រុកទឹកឈូ សូមអំពាវនាវសាធារណៈជនទូទៅ កុំចោលសំរាមនៅតាមទីសាធារណៈផ្ដេសផ្ដាស អនុវត្តដូច្នេះទើបមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្ត នៅក្នុងតំបន់រមណីយដ្ឋានទឹកឈូ ជៀសវាងគេមានទស្សនៈថា តំបន់ទឹកឈូមួយនេះមិនស្អាត មិនមានអនាម័យ។ អញ្ចឹងយើងទាំងអស់គ្នា ប្ដេជ្ញាថាឈប់បោះ ឬចោលសំរាមតាមសាធារណ:ពាសវាលពាសកាលតទៅទៀត។
ក្នុងកម្មវិធីខាងលើ សិក្សានុសិស្ស ដែលចូលរួមទាំងអស់ ត្រូវបានទទួលអំណោយឧបត្ថម្ភសម្ភារសិក្សាពីលោកស្រី កៅ ពិសាល ស្ថាបនិករីសតទឹកឈូ Homestay ផងដែរ៕






































