Fresh Exclusive: មេរៀនពីអ៊ីរ៉ង់៖ នៅក្នុងពិភពលោកដែលអំណាចជាអ្នកកំណត់ច្បាប់ តើប្រទេសតូចៗអាចរស់រានដោយពឹងលើអ្វី?
04-03-2026 16:17
(ភ្នំពេញ)៖ សង្គ្រាមចេញមុខជាចំហររវាងអ៊ីរ៉ង់តែមួយភាគី និងសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល បានក្លាយជាមេរៀនមួយ កំពុងឆ្លុះបញ្ចាំងសម្រាប់ពិភពលោក។ តាមការបង្ហោះលើបណ្តាញសង្គម X, ប្រភពយោធាចិន បានរំលេចនូវចំណុច៥ ដែលប្រទេសចិនខ្លួនឯង កំពុងទាញយកវិបត្តិនេះ ជាបទពិសោធន៍។ តើមេរៀនទាំង៥ចំណុចនោះ បានផ្តល់ប្រយោជន៍អ្វីខ្លះចំពោះកម្ពុជាក្នុងបរិបទនយោបាយនិងសន្តិសុខបច្ចុប្បន្ន?
Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖
នៅពេលយន្តហោះចម្បាំង និងមីស៊ីល វាយប្រហារលើគោលដៅយោធារបស់អ៊ីរ៉ង់ ពិភពលោកមើលឃើញត្រឹមតែការប៉ះទង្គិចយោធាមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកវិភាគយុទ្ធសាស្ត្រ វាមានន័យជ្រាលជ្រៅជាងនេះទៅទៀត។ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារនោះប្រភពយោធាចិន បានលើកឡើងនូវមេរៀន៥ ដែលពួកគេចាត់ទុកថាជាការព្រមានដាស់តឿនដល់ប្រទេសទាំងឡាយនៅក្នុងពិភពលោកដែលកំពុងប្រែប្រួល។
មេរៀនទាំងនោះរួមមាន៖
- សត្រូវដ៏គ្រោះថ្នាក់បំផុត គឺសត្រូវខាងក្នុង
- កំហុសធំបំផុត គឺជឿលើសន្តិភាពដោយងងឹតងងុល
- អ្នកដែលមានអាវុធខ្លាំងជាង គឺជាអ្នកឈ្នះ
- ជ័យជម្នះអាចកើតពីការស្រមើស្រមៃ
- និងចុងក្រោយមនុស្សតែម្នាក់ ដែលអាចពឹងបានគឺខ្លួនឯង
សម្រាប់ប្រទេសតូចៗ មេរៀនទាំងនេះមិនមែនជាការវិភាគអំពីមជ្ឈិមបូព៌ាតែប៉ុណ្ណោះទេ ប៉ុន្តែជាសំណួរធំមួយ៖ «តើប្រទេសតូចៗអាចការពារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងពិភពលោកដែលអំណាចកំពុងកំណត់ច្បាប់បានយ៉ាងដូចម្តេច?»
មេរៀន៥ ដែលយោធាចិនបានលើកឡើង កំពុងបង្ហាញពីការពិតមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ៖ សន្តិភាពមិនមែនជាអំណោយដែលប្រទេសខ្លាំងផ្តល់ឱ្យប្រទេសខ្សោយទេ ប៉ុន្តែជាលទ្ធផលនៃសមត្ថភាពការពារ សាមគ្គីភាពជាតិ និងយុទ្ធសាស្ត្រឆ្លាតវៃ។ សម្រាប់កម្ពុជា ដែលកំពុងប្រឈមមុខនឹងភាពតានតឹងព្រំដែនជាមួយថៃ មេរៀនទាំងនេះក៏ឆ្លុះបញ្ចាំងសំណួរសំខាន់មួយដូចគ្នា៖ «តើប្រទេសតូចមួយអាចរក្សាសន្តិភាព និងអធិបតេយ្យភាពរបស់ខ្លួន ដោយមិនធ្លាក់ចូលក្នុងសង្គ្រាមបានយ៉ាងដូចម្តេច?»
១. ការគំរាមកំហែងដ៏សាហាវបំផុតគឺ សត្រូវខាងក្នុង
មេរៀនទីមួយដែលយោធាចិន បានលើកឡើងសង្កត់ធ្ងន់លើការពិតមួយដែលប្រវត្តិសាស្ត្របានបង្ហាញជាញឹកញាប់ថា សត្រូវដ៏គ្រោះថ្នាក់បំផុតមិនមែនស្ថិតនៅក្រៅព្រំដែនទេ ប៉ុន្តែស្ថិតនៅក្នុងសង្គមខ្លួនឯង។ មេរៀននេះបង្ហាញថា ក្នុងសង្គ្រាមសម័យថ្មី ប្រទេសមួយអាចត្រូវបានបំផ្លាញ មិនមែនដោយការវាយប្រហារយោធាពីក្រៅប៉ុណ្ណោះទេ ប៉ុន្តែដោយភាពខ្សោយនៅផ្ទៃក្នុងដែលរួមមាន៖
- ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងការបំភ័ន្តមតិសាធារណៈ
- ការបែកបាក់នយោបាយ និងការប្រកួតប្រជែងផ្ទៃក្នុង ដែលបាត់បង់គោលដៅជាតិ
- និងការបាត់បង់ទំនុកចិត្តរវាងប្រជាជន និងរដ្ឋ ដែលជាមូលដ្ឋានសំខាន់បំផុតនៃស្ថិរភាពជាតិ។
នៅក្នុងបរិបទសង្គ្រាមសម័យថ្មី ដែលសមរភូមិមិនមានត្រឹមតែការប្រើអាវុធបច្ចេកវិទ្យា ទំនើបៗដូចជាដ្រូន មីស៊ីល និងយន្តហោះចម្បាំងប៉ុណ្ណោះទេ ប៉ុន្តែពង្រីកទៅដល់សមរភូមិព័ត៌មាន និងសមរភូមិចិត្តវិទ្យា។ ប្រទេសណា ដែលសង្គមរបស់ខ្លួនបែកបាក់ និងបាត់បង់សាមគ្គីភាព ប្រទេសនោះអាចនឹងចាញ់សង្គ្រាមមុនពេលគ្រាប់កាំភ្លើងមិនទាន់បាញ់សូម្បីតែមួយគ្រាប់ផង។ ដោយហេតុនេះ សាមគ្គីភាពជាតិ មិនមែនជាពាក្យស្លោកដើម្បីការទាក់ទាញនយោបាយទេ ប៉ុន្តែជាធាតុសំខាន់មួយនៃសន្តិសុខជាតិ ដែលអាចកំណត់ថា ប្រទេសមួយនឹងអាចការពារអធិបតេយ្យភាពរបស់ខ្លួនបានឬក៏អត់ នៅក្នុងពិភពលោក ដែលការប្រកួតប្រជែងកំពុងកើនឡើង។
២. កំហុសធំបំផុតគឺ ជឿយ៉ាងងងឹតងងុលលើសន្តិភាព
មេរៀនទីពីរ ព្រមានយ៉ាងច្បាស់ថា ការជឿលើសន្តិភាពដោយគ្មានការរៀបចំការពារ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំបំផុត។ ប្រវត្តិសាស្ត្រ បានបង្ហាញជាញឹកញាប់ថា ប្រទេសដែលសង្ឃឹមលើសន្តិភាព ដោយមិនបង្កើតសមត្ថភាពការពារខ្លួន ងាយក្លាយជាគោលដៅសម្រាប់ការគំរាមកំហែង ឬសម្ពាធពីខាងក្រៅ។
នៅក្នុងទ្រឹស្តីយុទ្ធសាស្ត្រ គោលការណ៍នេះត្រូវបានគេហៅថា “Peace Through Strength” ឬ សន្តិភាពតាមរយៈកម្លាំង។ គំនិតនេះមិនមានន័យថា ប្រទេសមួយត្រូវជ្រើសរើសសង្គ្រាមនោះទេ ប៉ុន្តែមានន័យថា សន្តិភាពអាចរក្សាបាន លុះត្រាតែប្រទេសមួយមានសមត្ថភាពបង្ហាញថា ខ្លួនអាចការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ខ្លួនបាន។
ក្នុងបរិបទនេះ សន្តិភាពមិនមែនជាលទ្ធផលនៃការសង្ឃឹម ឬ ការបន់ស្រន់រង់ចាំឱ្យមាន អម្ពូតហេតុជួយឡើយ ប៉ុន្តែជាលទ្ធផលនៃកម្លាំងនិងភាពរឹងមាំរបស់ប្រទេសមួយដែលរួមមាន៖
- សមត្ថភាពការពារជាតិ ដែលអាចរារាំងឬទប់ស្កាត់ការគំរាមកំហែងពីក្រៅ
- កម្លាំងសេដ្ឋកិច្ច ដែលអាចគាំទ្រការអភិវឌ្ឍ និងស្ថិរភាពជាតិ
- សង្គមរឹងមាំ និងសាមគ្គីភាពជាតិ ដែលធ្វើឱ្យប្រទេសមួយអាចឈររឹងមាំនៅពេលប្រឈមមុខនឹងសម្ពាធពីក្រៅ។
នៅក្នុងពិភពលោកដែលការប្រកួតប្រជែងអំណាចកំពុងកើនឡើង សន្តិភាពមិនអាចរស់ដោយខ្លួនឯងបានទេ។ សន្តិភាព ត្រូវការកម្លាំងជាមូលដ្ឋាន ដើម្បីធ្វើឱ្យសត្រូវគិតពីតម្លៃបង់ខាតនៃការប្រើអំណាចរបស់ពួកគេ មុនពេលដែលពួកគេចាប់ផ្តើមធ្វើសកម្មភាពណាមួយ។
៣. ការពិតដែលមិនអាចប្រកែកបាន អ្នកដែលមានអាវុធខ្លាំងជាងគឺជាអ្នកឈ្នះ
ការពិតមួយដែលមិនអាចប្រកែកបាន គឺថានៅក្នុងប្រព័ន្ធអន្តរជាតិ ដែលគ្មានអាជ្ញាធរកណ្ដាលណាមួយអាចគ្រប់គ្រងបាន អំណាចនៅតែជាកត្តាសំខាន់បំផុតក្នុងការកំណត់ទិសដៅនយោបាយ និងសន្តិសុខ។ ប្រទេសដែលមានកម្លាំងខ្លាំងជាង ជាញឹកញាប់មានសមត្ថភាពកំណត់លក្ខខណ្ឌនៃការចរចា និងបង្កើតឥទ្ធិពលលើវេទិកាអន្តរជាតិ។
ទោះយ៉ាងណាសម្រាប់ប្រទេសតូច កម្លាំងមិនត្រូវបានកំណត់ត្រឹមតែអាវុធយោធាទេ។ ក្នុងពិភពលោកសម័យថ្មី ប្រទេសតូច អាចបង្កើតអំណាចនិងឥទ្ធិពលរបស់ខ្លួន តាមរយៈធាតុផ្សេងៗដែលមានសារៈសំខាន់ដូចគ្នា។ កម្លាំងនោះអាចបង្ហាញខ្លួន ក្នុងទម្រង់ផ្សេងៗដូចជា៖
- កម្លាំងនៃច្បាប់អន្តរជាតិ ដែលអាចផ្តល់ភាពស្របច្បាប់ និងការគាំទ្រពីសហគមន៍អន្តរជាតិ
- កម្លាំងនៃការទូត ដែលអាចបង្កើតការយល់ព្រម កាត់បន្ថយជម្លោះ និងពង្រឹងឥទ្ធិពលលើវេទិកាពហុភាគី
- កម្លាំងនៃសម្ព័ន្ធភាពអន្តរជាតិ ដែលអាចបង្កើនសមត្ថភាពការពារនិងការទប់ស្កាត់ការគំរាមកំហែង។
ដោយសារតែហេតុនេះ សម្រាប់ប្រទេសតូច កម្លាំងមិនមែនមានតែទំហំកងទ័ព ឬបច្ចេកវិទ្យាយោធាទេ ប៉ុន្តែជាសមត្ថភាពក្នុងការប្រើប្រាស់ច្បាប់ ការទូត និងសម្ព័ន្ធភាពអន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ខ្លួន។
៤. ភាពផ្ទុយគ្នាដ៏ឃោរឃៅ ជ័យជម្នះដែលបានមកដោយសារតែការស្រមើស្រមៃ
មេរៀនទីបួន បង្ហាញពីការពិតសំខាន់មួយថា ក្នុងសតវត្សទី២១ សង្គ្រាមមិនកើតឡើងត្រឹមតែសមរភូមិយោធាប៉ុណ្ណោះទេ។ វាបានពង្រីកទៅជាសមរភូមិថ្មីមួយ ដែលមិនប្រើតែកាំភ្លើង ឬមីស៊ីលទេ ប៉ុន្តែប្រើ ព័ត៌មាន ការបកស្រាយ និងការគ្រប់គ្រងមតិសាធារណៈ ជាអាវុធយុទ្ធសាស្ត្រសំខាន់។
ក្នុងបរិបទនេះសង្គ្រាមអាចកើតឡើងលើវេទិកាជាច្រើនដូចជា៖
- បណ្ដាញសង្គម ដែលអាចបំភ័ន្តព័ត៌មាន និងបង្កើតអារម្មណ៍សាធារណៈ
- វេទិកាព័ត៌មានអន្តរជាតិ ដែលអាចកំណត់របៀបដែលពិភពលោកយល់ឃើញអំពីជម្លោះមួយ
- និងការប្រកួតប្រជែងក្នុងការបង្កើត “រឿងរ៉ាវ” ឬការបកស្រាយព្រឹត្តិការណ៍ ដែលអាចបង្កើតឥទ្ធិពលលើមតិសាធារណៈ។
ក្នុងសង្គ្រាមប្រភេទនេះ ប្រទេសណាដែលអាចគ្រប់គ្រង ការបកស្រាយនៃព្រឹត្តិការណ៍ និងបង្កើតទស្សនៈសាធារណៈបាន ប្រទេសនោះអាចទទួលបានអត្ថប្រយោជន៍យុទ្ធសាស្ត្រយ៉ាងសំខាន់។ វាអាចបង្កើតការគាំទ្រពីសង្គមខ្លួនឯង និងទាក់ទាញការយល់ព្រមពីសហគមន៍អន្តរជាតិ។ ដោយហេតុនេះ សង្គ្រាមសម័យថ្មី មិនត្រឹមតែជាការប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដីប៉ុណ្ណោះទេ ប៉ុន្តែជាការប្រយុទ្ធដើម្បី គ្រប់គ្រងការយល់ឃើញរបស់ពិភពលោក។ នៅពេលការបកស្រាយមួយ ក្លាយជាការពិតនៅក្នុងភ្នែកមតិសាធារណៈ វាអាចកំណត់ទិសដៅនយោបាយ និងលទ្ធផលយុទ្ធសាស្ត្រនៃជម្លោះមួយបាន។
៥. មនុស្សចុងក្រោយបំផុតដែលយើងអាចពឹងបានគឺ ពឹងលើខ្លួនឯង
មេរៀនចុងក្រោយ កំពុងបញ្ជាក់ពីគោលការណ៍សំខាន់មួយក្នុងវិស័យសន្តិសុខជាតិ ដែលអ្នកវិភាគយុទ្ធសាស្ត្រហៅថា Strategic Self-Reliance ឬការពឹងផ្អែកលើយុទ្ធសាស្ត្រខ្លួនឯង។ ក្នុងប្រព័ន្ធអន្តរជាតិ ដែលផលប្រយោជន៍ជាតិ ជាកត្តាចម្បង និងសម្ព័ន្ធភាពអាចផ្លាស់ប្តូរតាមបរិបទនយោបាយ ប្រទេសណាមួយ មិនអាចពឹងផ្អែកលើការគាំទ្រពីខាងក្រៅជានិច្ចបានឡើយ។ ប្រវត្តិសាស្ត្របានបង្ហាញថា សម្ព័ន្ធភាពអាចកើតឡើង និងអាចរលាយទៅវិញបាន នៅពេលផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ផ្លាស់ប្តូរ។
ដោយហេតុនេះ មូលដ្ឋានសុវត្ថិភាពរបស់ប្រទេសមួយត្រូវផ្អែកលើសមត្ថភាព និងភាពរឹងមាំផ្ទៃក្នុងរបស់ខ្លួនជាមុនសិន។ នេះមានន័យថាប្រទេសណាក៏ត្រូវកសាង៖
- សមត្ថភាពការពារជាតិ ដែលអាចទប់ស្កាត់ការគំរាមកំហែងពីក្រៅ
- សេដ្ឋកិច្ចរឹងមាំ ដែលអាចគាំទ្រការអភិវឌ្ឍ និងការពារផលប្រយោជន៍ជាតិ
- សង្គមដែលមានសាមគ្គីភាព និងទំនុកចិត្តលើរដ្ឋ ដែលជាមូលដ្ឋានសម្រាប់ស្ថិរភាពរយៈពេលវែង។
នៅក្នុងពិភពលោកដែលការប្រកួតប្រជែងអំណាចកំពុងកើនឡើង ប្រទេសដែលមានសមត្ថភាពពឹងផ្អែកលើខ្លួនឯង នឹងមានសេរីភាពក្នុងការកំណត់អនាគតរបស់ខ្លួន។ ផ្ទុយទៅវិញ ប្រទេសដែលពឹងផ្អែកលើអ្នកដទៃខ្លាំងពេក អាចប្រឈមនឹងហានិភ័យនៃការបាត់បង់សមត្ថភាពក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ ដោយសារតែហេតុនេះ ការពឹងផ្អែកលើយុទ្ធសាស្ត្រខ្លួនឯង Strategic Self-Reliance មិនមែនជាការបិទខ្លួនឯងពីពិភពលោកទេ ប៉ុន្តែជាគោលការណ៍មូលដ្ឋានមួយ ដែលធ្វើឱ្យប្រទេសមួយអាចសហការជាមួយអ្នកដទៃ ដោយនៅតែរក្សាអំណាចក្នុងការកំណត់វាសនារបស់ខ្លួន។
សេចក្ដីសន្និដ្ឋាន៖ មេរៀនទាំង៥ ដែលយោធាចិនបានលើកឡើង មិនមែនជាការវិភាគអំពីអ៊ីរ៉ង់តែប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីការពិតមួយនៅក្នុងប្រព័ន្ធអន្តរជាតិសម័យថ្មី។ វាជាការព្រមានមួយទៅកាន់ប្រទេសទាំងអស់ថា នៅក្នុងពិភពលោក ដែលអំណាចការប្រកួតប្រជែង និងព័ត៌មានកំពុងកំណត់ទិសដៅនយោបាយ សន្តិភាព មិនមែនជារឿងដែលអាចរក្សាបានដោយផ្អែកលើការបន់ស្រន់ ឬការសង្ឃឹមប៉ុណ្ណោះទេ។ សន្តិភាពត្រូវការមូលដ្ឋានរឹងមាំ។ វាត្រូវការសមត្ថភាពការពារ ដែលអាចទប់ស្កាត់ការគំរាមកំហែងពីក្រៅ ត្រូវការសាមគ្គីភាពជាតិ ដែលធ្វើឱ្យសង្គមឈររឹងមាំនៅពេលប្រឈមមុខនឹងសម្ពាធ និងត្រូវការយុទ្ធសាស្ត្រដែលឆ្លាតវៃ ដែលអាចប្រើប្រាស់ច្បាប់ ការទូត និងសម្ព័ន្ធភាពអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។
សម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា មេរៀនសំខាន់បំផុតប្រហែលជាមានតែមួយគត់៖ «សន្តិភាពមិនមែនមានន័យថា យើងមិនត្រូវការកម្លាំងទេ ប៉ុន្តែជាលទ្ធផលនៃកម្លាំងដែលត្រូវបានគ្រប់គ្រងដោយប្រាជ្ញា និងប្រើប្រាស់ដោយយុទ្ធសាស្ត្រ»។ នៅក្នុងពិភពលោកដែលការប្រកួតប្រជែងអំណាចកំពុងកើនឡើង ប្រទេសដែលអាចបញ្ចូលកម្លាំង សាមគ្គីភាព និងប្រាជ្ញាយុទ្ធសាស្ត្រ ជាមួយគ្នានឹងក្លាយជាប្រទេសមាំមួន ដែលអាចរក្សាទាំងសន្តិភាព និងអធិបតេយ្យភាពរបស់ខ្លួនបាន៕










