ជនភៀសសឹកនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្ហាញការឈឺចាប់ពីព្រោះការតាមរំខានពីយោធាថៃ បើទោះបីមានបទឈប់បាញ់ និងអំពាវនាវអន្តរជាតិជួយដោះស្រាយបញ្ហាព្រំដែនឲ្យឆាប់ចប់ ដើម្បីអាចវិលទៅផ្ទះវិញ (Video inside)

04-03-2026 16:23

(សៀមរាប)៖ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះ សម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន។ ប៉ុន្តែជាង ២ខែក្រោយមក ថៃបានបំពានកិច្ចព្រមព្រៀង ដែលបានឯកភាព ដែលជាទង្វើមិនស្មោះត្រង់។

ប្រជាជនភៀសសឹកដែលរត់គេចមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ពីសកម្មភាពគ្មានទំនួលខុសត្រូវ និងបំពានបទឈប់បាញ់ ពោលយោធាថៃ បានបន្តការរំខានគ្រប់បែបយ៉ាងដល់ពួកគាត់ រស់នៅតាមព្រំដែន តាមរយៈការបង្ហោះដ្រូន បាញ់ផ្សែងពុល និងការបន្សល់គ្រាប់មិនទាន់ផ្ទុះជាដើម។ កម្មភាពរបស់យោធាថៃ បានបង្ហាញពីការភ័យខ្លាច និងការឈឺចាប់របស់អ្នកភូមិខ្មែរ រស់នៅតាមព្រំដែន ក្រោយយោធាថៃ បានរាយបន្លាលួសកាត់យកដី និងផ្ទះរបស់ពួកគាត់ដែលធ្លាប់រស់នៅ និងបង្កបង្កើនផលជាយូរណាស់មកហើយ។

ជួបជាមួយក្រុមសារព័ត៌មាន ដោយរៀបរាប់បណ្តើរទឹកភ្នែកហូរបណ្តើរ, លោកស្រី សែ សុខុម អាយុ៥០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានថ្លែងទាំងទឹកភ្នែកថា «នៅកន្លែងខ្ញុំនៅត្រូវបាន ពួកវាមកនៅ (ទាហានថៃ) ខ្ញុំមិនហ៊ានទៅវិញទេ ព្រោះខ្លាចវា ព្រោះផ្ទះនៅជាប់កន្លែងវានៅ ពួកខ្ញុំអត់ហ៊ានឡើងទៅវិញទេ។ នៅនេះស្រួល ប៉ុន្តែ ខ្ញុំនឹកស្រុក នឹកស្រែ ចង់ឱ្យពួកវាទៅវិញឱ្យអស់»

លោកស្រី សែ សុខុម បានថ្លែងថា គាត់ខ្លាចទាហានថៃ លបបាញ់នៅពេលយប់ព្រលប់ ដូច្នេះហើយទើបគាត់ និងប្រជាពលរដ្ឋផ្សេងទៀត មិនហ៊ានទៅរស់នៅក្នុងផ្ទះដែលជាជម្រកដ៏កក់ក្តៅរបស់ពួកគាត់។ លោកស្រីថា «បើយើងទៅនៅវិញ គឺរស់នៅទាំងភ័យខ្លាច ដេកមិនដែលលក់នោះទេ ដោយសារយោធាថៃ បង្ហោះដ្រូន និងយន្តពីលើផ្ទះជារៀងរាល់ថ្ងៃ។ វាបាញ់ផ្សែងពុល ទឹកក៏មិនហ៊ានផឹក»

ស្ត្រីរូបនេះ បានគូសបញ្ជាក់ថា ទាហានថៃ បានបង្កបញ្ហារហូតនៅក្នុងចេតនាអាក្រក់មិនអាចប្រកែកបាន គឺមិនឱ្យប្រជាពលរដ្ឋខ្មែររស់នៅបានសុខ វាធ្វើបាបយើងឱ្យរត់ចោលផ្ទះសម្បែង។ វាទម្លាក់គ្រាប់នៅតាមផ្ទះប្រជាពលរដ្ឋ វាមិនទម្លាក់លើទីតាំងយោធានោះទេ។ តែទោះជាយ៉ាងណាសម្រាប់ស្រ្តីភៀសសឹករូប នៅតែមានជំនឿថា ថ្នាក់ដឹកនាំប្រទេស នឹងអាចដោះស្រាយបញ្ហានេះបាន។

«ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលនឹងដោះស្រាយ បានចប់ឆាប់»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី សែ សុខុម។

ដោយឡែកស្ត្រីវ័យ៦០ឆ្នាំ ប៊ុន ដំ ក៏ជាជនភៀសសឹកម្នាក់ផងដែរនោះ បានរៀបរាប់ថា នៅភូមិគាត់មានគ្រាប់បែកធ្លាក់ច្រើន ហើយយោធាថៃ បង្កការភិតភ័យដល់ពួកគាត់ មិនហ៊ានរស់នៅក្នុងភូមិវិញឡើយ។

ស្រ្តី ប៊ុន ដំ បានថ្លែងយ៉ាងដូច្នេះថា «យោងធាថៃ វាធ្វើទុក្ខបុម្មេញបងប្អូន ប្រជាជនមិនឱ្យរស់នៅក្នុងស្រុកបាន វារំខានណាស់ គ្រាប់វាផ្លោង វាទម្លាក់ មានឆេះផ្ទះពលរដ្ឋ ខ្ញុំមិនហ៊ាននៅទេ សុំអន្តរជាតិ ជួយខ្ញុំ ខ្ញុំនៅផ្ទះខ្ញុំ ខ្ញុំកក់ក្តៅណាស់ តែទាហានថៃ វាធ្វើបាប មិនហ៊ាននៅទេ»